(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឍមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ប្រាប់ Fresh News ថា រថយន្តសុីម៉ាក់មួយចំនួន ក្នុងចំណោមរថយន្តសរុបចំនួន៨៨គ្រឿង និងគ្រឿងចក្រកំទេចមីនមួយចំនួន ក្នុងចំណោមគ្រឿងចក្រកំទេចមីន៩គ្រឿង ដែលបានចេញដំណើរ​ពីប្រទេសជប៉ុន ​តាមកប៉ាល់ដឹកមកដល់កំពង់ផែក្រុងព្រះសីហនុហើយ នៅថ្ងៃទី២១ ខែមីនាឆ្នាំ២០១៧នេះ ខណៈមួយចំនួនទៀតនឹងមកដល់ នៅពេលក្រោយទៀត។

លោកបញ្ជាក់ថា គ្រឿងចក្រកំទេចមីន និងរថយន្តទាំងនេះជាជំនួយរបស់រដ្ឋាភិបាលជប៉ុនផ្តល់មករាជរដ្ឋាភិបាល ដើម្បី​ប្រគល់​ជូនអង្គភាពសុីម៉ាក់។​ រថយន្តនិងគ្រឿងចក្រកំទេចមីនទាំងនេះ​ ជាផែ្នកមួយនៃជំនួយសំភារៈ​បចេ្ចកទេស​ដោះមីន​ ដែលមាន​ថវិកា​ជាង១៣០០លានយ៉េន​ (ប្រមាណ១២លានដុល្លាអាមេរិក)​។​

លោក ហេង រតនា បញ្ជាក់បន្ថែមទៀតថា រថយន្តស៊ីម៉ាក់ និងគ្រឿងចក្រកម្ទេចមីនទាំងនោះ ដឹកយកទៅកាន់សាលាហ្វឹកហ្វឺនសកម្មភាពសុីម៉ាក់ខេត្តកំពង់ឆ្នាំង។

លោកបានបញ្ជាក់ទៀតថា​ ក្រៅពីនេះ ម៉ាសុីនរាវមីនចំនួន៧៨៨គ្រឿងផលិតនៅប្រទេសអាល្លឺម៉ង់ និងអាវក្រោះចំនួន​៤៥០​កំប្លេរ​​បានមកដល់ឃ្លាំងសុីម៉ាក់តាំងពីខែកុម្ភៈម្ល៉េះ៕