(ឧត្តរមានជ័យ)៖ អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ស្មើនិង ៣០បន្ទប់ អគារទីចាត់ការមួយខ្នង ៣បន្ទប់ រួមនិងសមិទ្ធិផលមួយចំនួនទៀត ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់សិស្សានុសិស្សលើដែនដីអតីតសមរភូមិសង្រ្គាមនៅវិទ្យាល័យតេជោសែន សំរោង ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ សាងសង់បាន ៧០ភាគរយហើយ ហើយអាចនឹងបញ្ចប់ជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ។
នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ បានចុះទៅត្រួតពិនិត្យដំណើរការសាងសង់អគារទាំងអស់នេះ ដើម្បីធានាបានពីគុណភាពល្អប្រសើររបស់អគារ។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណដល់កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ ខេង សុមេធ ខិតខំប្រឹងប្រែងក្នុងការសាងសង់ និងសម្រេចលទ្ធផលបានយ៉ាងឆាប់រហ័ស។
សូមបញ្ជាក់ថា ក្នុងដំណើរអញ្ជើញចុះទៅសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តឧត្តរមានជ័យ កាលពី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានសម្រេចសាងសង់អគារសិក្សា ១ខ្នង៣ជាន់ ៣០បន្ទប់ ទីចាត់ការ ១ខ្នងផ្លូវបេតុងប្រវែង ១០០ម៉ែត្រ ក្លោងទ្វា១ និង ជួសជុលអគារសិក្សា ១ខ្នង ៦បន្ទប់ ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យតេជោសែន សំរោង។
ក្រៅពីវិទ្យាល័យតេជោសែនសំរោង សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អគារសិក្សាដល់សាលាផ្សេងៗជាច្រើនផ្សេងទៀត នៅក្នុងខេត្ត ឧត្តរមានជ័យ ដែលជាទឹកដីជម្រកចុងក្រោយរបស់កងទ័ព និងមេដឹកនាំខ្មែរក្រហម៕
វីដេអូស្តីពីដំណើររបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះទៅខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦៖