(ភ្នំពេញ)៖ ទេសាភិបាលរងធនាគារជាតិ លោក ស៊ុំ សន្និសិទ្ធ ត្រូវបានអញ្ជើញជាវាគ្មិនក្នុងការចែករំលែកបទពិសោធន៍ នៅក្នុងកិច្ចពិភាក្សាស្តីពីបញ្ហាប្រឈម និងកាលានុវត្តភាពសម្រាប់ស្ថិតិធនាគារកណ្តាល រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០១៧។
ការអញ្ជើញចូលរួមជាវាគ្មិននេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ ពីការផលិត និងការគ្រប់គ្រងទិន្នន័យក្នុងតំបន់។ កម្មវិធីនេះ ក៏មានការចូលរួមពីតំណាងធនាគារកណ្តាលមកពីអាស៊ីអឺរ៉ុប និងអាមេរិកឡាទីន ធនាគារសម្រាប់ការទូរទាត់អន្តរជាតិ (BIS) និងធនាគារកណ្តាលអឺរ៉ុប (ECB) ប្រមាណ២៤ប្រទេស និងស្ថាប័នដែលមានអ្នកចូលរួមប្រមាណ១០០នាក់។
លោក ស៊ុំ សន្និសិទ្ធ បានលើកឡើងពីវឌ្ឍនភាពនៃស្ថិតិដែលធនាគារជាតិនៃកម្ពុជា ទទួលបន្ទុកដំឡើងស្ថិតិជញ្ជីងទូទាត់ស្ថិតិរូបិយវត្ថុ និងហិរញ្ញវត្ថុ សូរចនាករស្ថិរភាពហិរញ្ញវត្ថុ ស្ថានភាពវិនិយោគអន្តរជាតិ បំណុលក្រៅប្រទេស និងស្ថិតិសំខាន់ដទៃទៀត។
លោកថា បច្ចុប្បន្នស្ថិតិទាំងនេះ ត្រូវបានធ្វើឲ្យប្រសើរឡើងជាលំដាប់ និងកាន់តែមានភាពសុក្រឹត ហើយសាធារណជនអាច
ទទួលទិន្នន័យទាំងនេះបានងាយស្រួល តាមរយៈគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា។ ជាមួយគ្នានោះលោក ស៊ុ សន្និសិទ្ធ បានចែករំលែក ទិន្នន័យដល់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ AMRO ផងដែរ។ លោកថា ធនាគារជាតិនៃកម្ពុជាបានសហការដើម្បីពង្រឹងគុណភាពស្ថិតិនៅក្នុងតំបន់ និងត្រៀមខ្លួនដើម្បីកិច្ចសហការនានា ក្នុងគោលបំណងពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់៕