(ភ្នំពេញ​)៖ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លីមីតធីត​ ដែលជាក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា បានបញ្ជូន​រថយន្ត​សម្អាត​ផ្លូវ​ ធុន​ធ្ងន់ទាំង​ពីរ​គ្រឿង​ ទៅ​ជួយ​សម្អាតផ្លូវ​នៅ​ខេត្ត​ស្ទឹង​ត្រែង ដើម្បី​ត្រៀម​ស្វាគមន៍​​ភ្ញៀវទេសចរណ៍​មក​កម្សាន្ត ក្នុង​អំឡុង​ពេល​​បុណ្យទន្លេខាងមុខនេះ។

លោក​ឧកញ៉ា លាង ឃុន ប្រ​ធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ ប៊ែវើរីជីស លីមីតធីត​​បាន​​ថ្លែង​ថា ក្រុមហ៊ុន​នឹង​បញ្ជូន​រថយន្ត​សម្អាត​ផ្លូវ ​ទៅ​ខេត្ត​ស្ទឹង​ត្រែង​ចំនួន​១០​​ថ្ងៃ ដោយ​ចាប់​ផ្តើមពី ថ្ងៃ​ទី​២២​ ខែ​មីនា ដល់​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៧។ លោកឧកញ៉ា​​បាន​បន្តថា «​​ខាង​ក្រុមហ៊ុនកំពុង​ពិភាក្សា​ ជាមួយ​អាជ្ញាធរខេត្ត​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា ដើម្បី​កំណត់​គោលដៅ​ផ្លូវ ​ដែល​ត្រូវ​សម្អាត​ក្នុង​ក្រុង​​ស្ទឹង​ត្រែង»

សូមបញ្ជាក់ថា បុណ្យទន្លេ ឆ្នាំ២០១៧ ដែលរៀបចំដោយក្រសួងទេសចរណ៍ ត្រូវ​បាន​រៀប​ចំ​ឡើង​​​នៅ​ខេត្ត​ស្ទឹងត្រែង ចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លីមីតធីត ជាអ្នកឧបត្ថម្ភធំផ្តាច់មុខ ការរៀបចំបុណ្យទន្លេឆ្នាំនេះ។

ខេត្តស្ទឹងត្រែង​ ជា​គោលដៅ​ទីពីរ ដែល​រថយន្ត​សម្អាតផ្លូវ​របស់​ក្រុមហ៊ុន ខ្មែរ​ប៊ែវើរីជីស​ បាន​​ទៅ​ដល់ និង​ជួយសម្អាត​ផ្លូវ​ក្នុងក្រុង នៅ​ឆ្នាំ២០១៧នេះ។ ក្រោម​យុទ្ធនាការ​ «ទីក្រុង​ស្អាត​ សុខភាពល្អ» ក្រុមហ៊ុន​នឹង​បញ្ជូន​រថយន្ត​ សម្អាត​ផ្លូវ​ទាំង​ពីរគ្រឿង​ ទៅ​គ្រប់​ខេត្ត​ក្រុង​រយៈ​ពេល​​ពេញមួយ​ឆ្នាំ៕