(សៀមរាប)៖ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល បានគូសបញ្ជាក់ថា ការត្រួតពិនិត្យគុណភាពទំនិញនៅតាមច្រកព្រំដែននៅតែជារឿងសំខាន់បំផុតមិនអាចបណ្តែតបណ្តោយបាននោះឡើយ ដើម្បីទប់ស្កាត់ទំនិញគ្មានគុណភាព ការពារសុខភាពរបស់ប្រជាពលរដ្ឋ។
លោក ម៉ក់ ពេជ្ជរិទ្ធ គូសបញ្ជាក់ដូច្នេះក្នុងពេលអញ្ជើញដុតកម្ទេចទំនិញខូចគុណភាពជិត ៣តោន ដែលប្រមូលបានពីកន្លែងលក់ដូរនានា នៅទូទាំងខេត្តសៀមរាបនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ។
លោកអគ្គនាយកបានគូសបញ្ជាក់ថា ការត្រួតពិនិត្យគុណភាពទំនិញនៅតាមទីផ្សារ និងកន្លែងលក់ដូរនានាគឺជារឿងល្អមួយ តែការត្រួតពិនិត្យគុណភាពទំនិញនៅតាមច្រកព្រំដែន គឺរឹតតែសំខាន់ថែមទៀត។ លោកបន្តថា ដោយសារតែការមើលឃើញដូចនេះ លោកបានណែនាំមន្រ្តីកាំកុងត្រូលឲ្យរឹតបន្តឹង និងយកចិត្តទុកដាក់ខ្ពស់ចំពោះទំនិញនាំចូលពីប្រទេសនានា។
លោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាក់ទំនិញគ្រប់ប្រភេទទាំងអស់ដែលរកឃើញថា ខូចគុណភាព ឬ វេចខ្ចប់មិនបានត្រឹមត្រូវ គឺត្រូវហាមឃាត់ទាំងអស់មិនអនុញ្ញាតឲ្យនាំចូលនោះឡើយ។ តែទោះជាយ៉ាងណា លោក ម៉ក់ ពេជ្ជរិទ្ធ បានបង្ហាញការរអ៊ូរទាំផងដែរចំពោះឈ្មួញខិលខូចមួយចំនួន នៅតែលួចលាក់នាំទំនិញខូចគុណភាពចូលតាមច្រករបៀងនានា ដែលកាំកុងត្រូលមិនអាចត្រួតពិនិត្យបាន។
បើតាមលោក ម៉ក់ ពេជ្ជរិទ្ធ មានទំនិញនាំចូលពីប្រទេសវៀតណាម និងថៃ មួយចំនួន ត្រូវបានរកឃើញថា ខូចគុណភាព និង មានសារធាតុគីមីនាំឲ្យប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់៕