(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃពុធនេះ បានលើកឡើងបន្តអំពី​ទស្សនៈរបស់ខុងជឺ ដែលជាអ្នកប្រាជ្ញចិន។ លោកបានថ្លែងថា បើតាមទ្រឹស្តីរបស់ខុងជឺ, ការចង់បានផលក្នុង១ឆ្នាំ ត្រូវដាំស្រូវ ហើយបើចង់បានផល ក្នុងអំឡុង១០ឆ្នាំ ត្រូវដាំដើមឈើ ហើយបើចង់បានផលរហូត ទៅដល់១០០ឆ្នាំនោះ ត្រូវដាំដើមមនុស្ស។

ក្នុងន័យនេះ លោក ហង់ ជួនណារ៉ុន ចង់សំដៅថា បើចង់បណ្តុះធនធានមនុស្ស ឲ្យមានការរីកចំរើន នៅក្នុងសង្គមកម្ពុជា លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវពង្រឹងការបណ្តុះបណ្តាលសិស្សានុសិស្សពីថ្នាក់ទាប រហូតដល់ថ្នាក់ខ្ពស់ និងត្រូវធ្វើដោយប្រើប្រាស់ពេលវេលាយូរអង្វែង។

លោក ហង់ ជួនណារ៉ុន បានលើកឡើងបែបនេះ ខណៈលោកបានចូលរួមនៅក្នុងពិធីអង្គសន្និបាត បូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៥-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧។រដ្ឋមន្រ្តីក្រសួងអប់រំ បានបន្ថែមថា ការធ្វើបែបនេះ អាចនឹងពង្រឹងបន្ថែម នូវចំណេះដឹងរបស់សិស្សានុសិស្សឲ្យពូកែ និងមាន មូលដ្ឋានគ្រឹះខ្លាំងជាងមុន។

គួរបញ្ជាក់ថា ក្រោយមានការកំណែទម្រង់របស់ក្រសួងអប់រំរយៈពេល៣ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា វិស័យអប់រំនៅកម្ពុជា មានការរីកចំរើនគួរឲ្យកត់សំគាល់ តួយ៉ាងដូចជាការធ្វើកំណែទម្រង់ ដោយរឹតបណ្តឹងលើការ ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០១៤, ២០១៥, ២០១៦ ទទួលការគាំទ្រ និងសាទរយ៉ាងខ្លាំង។

ក្រោមពាក្យស្លោកថា «ចេះគឺជាប់» ពាក្យស្លោកនេះ សំដៅរួមទៅដល់សិស្សានិសិស្ស គឺទាមទារឲ្យសិក្សារៀនសូត្រទើប អាចប្រឡងជាប់បាន ដូចនេះ សិស្សទាំងអស់ ត្រូវពង្រឹងការសិក្សារបស់ខ្លួន មិនមែនត្រឹមតែថ្នាក់ទី១២នោះទេ គឺត្រូវពង្រឹង សមត្ថភាពរបស់ខ្លួនតាំងពីថ្នាក់ដំបូងរហូតដល់ថ្នាក់កំពូល៕