(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ គណៈប្រតិភូជប៉ុនមួយក្រុមមកពីខេត្ត អូកាយ៉ាម៉ា បានប្រាប់ថា នៅដើមខែឧសភា ឆ្នាំ២០១៧ ខាងមុខ ភ្ញៀវទេសចរជប៉ុនប្រមាណ១៥០នាក់ នឹងធ្វើដំណើរមកទស្សនាកម្ពុជា តាមជើងហោះហើរ Cambodia Angkor Air។
ក្រោយពីមកទឹកដីកម្ពុជាហើយ ទេសចរជប៉ុនទាំងនោះ នឹងរៀបចំពិព័រណ៍ធំមួយនៅផ្សារអ៊ីអនម៉ល ហើយផលិតផលសម្រាប់ដាក់ ពិព័រណ៍នោះ ត្រូវបានយកមកពីខេត្តអូកាយ៉ាម៉ា ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីផលិតផលទេសចរណ៍ថ្មីៗពីគ្នាទៅវិញទៅមក រវាងកម្ពុជា-ជប៉ុន។
ថ្លែងក្នុងកិច្ចប្រជុំនៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ គណៈប្រតិភូជប៉ុន ដែលដឹកនាំដោយលោក Kobayashi Kooichiroo សមាជិកសភានៃខេត្តអូកាយ៉ាម៉ា បានបញ្ជាក់ថា «គោលបំណងនៃការពិភាក្សានេះ គឺដើម្បីសុំការគាំទ្រ ពីក្រសួងទេសចរណ៍កម្ពុជា ដើម្បីត្រៀមទទួលស្វាគមន៍ពួកគេ និងសហការរៀបចំពិព័រណ៍ផលិតផល នៅពេលខាងមុខនោះ»។
លោក Kobayashi Kooichiroo បានឲ្យដឹងថា «នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ ទេសចរជប៉ុន១៥១នាក់ មកពីខេត្តអូកាយ៉ាម៉ា នឹងមកទស្សនកិច្ចនៅខេត្តសៀមរាប រួចហើយនឹងរៀបចំពិព័រណ៍ទេសចរណ៍មួយ នៅផ្សារអ៊ីអនម៉ល ភ្នំពេញ មានដូចជា អង្ករ ផ្លែឈើ ជាដើម»។
រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ក៏បានសន្យាថានឹងយល់ព្រមផ្ដល់កិច្ចសហការជាមួយភាគីជប៉ុន ក្នុងដំណើរទស្សនកិច្ច និងការរៀបចំពិព័រណ៍ នោះ ដើម្បីឲ្យកិច្ចការនេះ ទទួលបានភាពជោគជ័យ និងទទួលបានប្រយោជន៍ពីគ្នាទៅវិញទៅមក។
សូមជម្រាបថា ឆ្នាំ២០១៦ ជប៉ុនទទួលបានទេសចរអន្តរជាតិ ចំនួន ២៤,០៣៩,០៥៣នាក់ កើនឡើង២១.៨% ប្រៀបធៀបនឹងឆ្នាំ២០១៥។ ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៧ ជប៉ុនទទួលបានទេសចរអន្តរជាតិ ចំនួន ៤,៣៣១,៥០០នាក់ កើនឡើង២៣.៣% ប្រៀបធៀបនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៦។
ដោយឡែក សម្រាប់កម្ពុជាវិញ នៅឆ្នាំ២០១៦ ក៏ទទួលបានទេសចរជប៉ុន ចំនួន ១៩១,៥៧៧នាក់ កើន០.៩%។ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរជប៉ុន ចំនួន ៤០,៧២០ កើនឡើង១៤.១%៕