(សៀមរាប)៖ ទំនិញខូចគុណភាពសរុបប្រមាណ៣០មុខ ស្មើនិងជិត៣តោន ត្រូវបានដុតកម្ទេចចោល បន្ទាប់ពីដើរប្រមូលតាមកន្លែង លក់ដូរនានានៅទូទាំងខេត្តសៀមរាបអស់រយៈពេលជាច្រើនខែមកនោះ។
ពិធីដុតកម្ទេចទំនិញខូចគុណភាពនេះធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប និងដោយមានការចូលរួមពីលោកអភិបាលស្រុក មន្រ្តីស្រុកប្រាសាទបាគង មន្រ្តីកាំកុងត្រូល មន្រ្តីពាណិជ្ជកម្មខេត្ត អាជ្ញាធរ អង្គភាព ស្ថាប័ន អាជីវករ ប្រជាពលរដ្ឋ និងមន្រ្តីប្រព័ន្ធផ្សព្វផ្សាយផងដែរ។
មន្ត្រីកាំកុងត្រុលខេត្តសៀមរាប បានឱ្យដឹងថា ទំនិញដែលដុតកម្ទេចចោលនេះ គឺបានប្រមូលពីកន្លែងលក់ដូរចាប់តាំងពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ មានរយៈពេលសរុប៨ខែ។ ទំនិញដែលដុតកម្ទេចនេះមានដូចជា មីកញ្ចប់, នំចម្រុះ, ទឹកដោះគោចម្រុះ, ទឹកក្រូចចម្រុះ, ទឹកផ្លែឈើចម្រុះ, ស្រាបៀរចម្រុះ, ប្រេងខ្យង, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកម្ទេស, ស្ពៃកំប៉ុង ម្សៅគីម, ហាមឃាត់បូរ៉ាក់ និងទំនិញចម្រុះជាច្រើនទៀត។
មន្ត្រីដដែលបន្តថា ទំនិញទាំងនេះសុទ្ធសឹងជាទំនិញខូចគុណភាព មានលាយបន្ថែមសារធាតុគីមីហាមឃាត់ និងជាទំនិញហួសកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ ដែលអាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ហើយត្រូវបានសាខាកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្មខេត្ត បានដកហូតបាននៅតាមផ្សារលក់ទំនិញនានា តាមផ្ទះលក់ទំនិញនានា តាមម៉ាតនានា ស្ថិតក្នុងស្រុក-ក្រុងទាំង១២ នៃខេត្តសៀមរាប៕