(កំពត)៖ នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនចាស់គ្មានទីពឹង គ្រួសារទីទ័លក្រ គ្រួសារជនពិការ និងអ្នក រស់នៅជាមួយមេរោគអេដស៍ ចំនួន ៦៨៨គ្រួសារ ដែលរស់នៅក្នុងភូមិចំនួន ៣៩ ក្នុងឃុំចំនួន ៩ នៃស្រុកជុំគិរី និងស្រុកឈូក ខេត្តកំពត។
ក្នុងពិធីសំណេះសំណាលនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំសួរសុខទុក្ខ និងបានជម្រាបជូនប្រជាពលរដ្ឋនូវអនុសាសន៍មួយចំនួនរួមមាន៖
១៖ សូម ត្រៀមបង្ការចំពោះការកើនឡើងកម្តៅខ្លាំង និងកង្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំងនេះ។
២៖ សូមប្រុងប្រយ័ត្នចំពោះ ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ និងភ្លើងឆេះផ្ទះ។
៣៖ សូមពិសារទឹកដាំឆ្អិន និងពិសារឱ្យបានច្រើនដើម្បីសុខភាពល្អ។
៤៖ សូមគោរពច្បាប់ចរាចរណ៍ និងជៀសវាងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅតាមដងផ្លូវ។
៥៖ សូមអាណាព្យាបាលណែនាំកូន-ក្មួយ ឱ្យជៀសឆ្ងាយពីគ្រឿងញៀន ដែលជាប្រភពនៃអំពើហិង្សា ចោរកម្ម ចារកម្ម និងអសន្តិសុខ។
៦៖ សូមស្ត្រីមានផ្ទៃពោះ ទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ និងទៅសម្រាលកូននៅមណ្ឌលសុខភាពដើម្បីសុខភាព និងសុវត្ថិភាពទាំងម្តាយ និងកូន។
ប្រជាពលរដ្ឋទាំងអស់ មានក្តីរំភើប និងសប្បាយរីករាយឥតឧបមា ព្រោះបានកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះជួយសម្រាលទុក្ខលំបាកដល់ពួកគាត់បានទាន់ពេលវេលា និងមិនមានការរើសអើងអ្វីឡើយ។
សម្រាប់គ្រួសារនីមួយៗទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជារួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង នំប៉័ង ១ដើម ទឹកសុទ្ធ ១ដប មុង១ ភួយ១ សារុង១ និងក្រមា១។ ដោយឡែក ប្រគេនព្រះសង្ឃគង់នៅវត្តអង្គចកនូវ អង្ករ ៩០គីឡូក្រាម មី៥កេស ត្រីខ៥០កំប៉ុង និងបច្ច័យ៤០០,០០០រៀល៕