(ភ្នំពេញ)៖ ការប្រកួតអុកចត្រង្គអង្គរសង្ក្រាន្ដ ឆ្នាំ២០១៧ នឹងចាប់ផ្ដើមការប្រកួតជម្រុះដំណាក់កាលទី១ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនាខាងមុខ នេះហើយ ដើម្បីចម្រាញ់រកជើងខ្លាំង ៨នាក់ឡើងទៅប្រកួតដំណាក់កាលទី២ ឬជុំផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចន្លោះថ្ងៃទី១៤-១៦ ខែមេសាខាងមុខ នៅតំបន់អង្គរវត្ត ខេត្តសៀមរាប។
ជាមួយគ្នានេះដែរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានត្រៀមថវិកាផ្ទាល់របស់សម្ដេចសរុបចំនួន៥២លានរៀល ដើម្បីផ្ដល់ ជាលើកទឹកចិត្តដល់អ្នកដណ្ដើមបានជ័យលាភី និងអ្នកមិនបានជ័យលាភីចំនួន៨នាក់ចុងក្រោយ ដើម្បីឈានទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ផងដែរ។ នេះបើតាមការបញ្ចាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថ្លែងក្នុងសន្និសីទ សារព័ត៌មាន ស្ដីពីការប្រកួតអុកចត្រង្គអង្គរសង្ក្រាន្ដ ឆ្នាំ២០១៧ នៅថ្ងៃទី២១ ខែមីនានេះ។
លោក វ៉ាត់ ចំរើន បានថ្លែងថា ការប្រកួតដំណាក់កាលទី១ គឺមានកីឡាករចូលរួមសរុប១៥៣នាក់ កើនឡើងជាងឆ្នាំមុន ប៉ុន្ដែការប្រកួតនឹងជម្រុះ ទុកត្រឹម៨នាក់ប៉ុណ្ណោះ សម្រាប់បន្ដដំណើរទៅជុំផ្ដាច់ព្រ័ត្រ។ ចំពោះប្រាក់រង្វាន់វិញ គឺមាន២ប្រភពផ្សេងគ្នា រួមមានប្រាក់រង្វាន់របស់គណៈកម្មការ ក្រោមកិច្ចសហការរវាង NOCC និងក្រុមហ៊ុនដៃគូ ចំណាត់ថ្នាក់លេខ១ ទទួលបាន ១២លានរៀល, លេខ២ ទទួលបាន ៨លានរៀល, លេខ៣ ទទួលបាន ៤លានរៀល និងលេខ៤ ទទួលបាន ៣លានរៀល។
ប៉ុន្ដែអ្វីដែលពិសេស គឺប្រាក់រង្វាន់ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ដែលផ្ដល់ជូនអ្នកដណ្ដើមបានជ័យលាភីលេខ១ ទទួលបាន ២០លានរៀល, លេខ២ ទទួលបាន ១២លានរៀល, លេខ៣ ទទួលបាន ៨លានរៀល និងលេខ៤ ទទួលបាន ៤លានរៀល ។ លើសពីនេះសម្ដេចក៏ផ្ដល់រង្វាន់លើកទឹកចិត្តអ្នកទទួលបានលេខ៥ ដល់លេខ៨ ម្នាក់ៗចំនួន ២លានរៀលផងដែរ ។ សរុបសម្ដេចត្រូវចំណាយថវិកាផ្ទាល់ចំនួន ៥២លានរៀល ។
ដោយហេតុនេះ ជារួមអ្នកដណ្ដើមបានជ័យលាភីលេខ១ ឬជាស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដ ឆ្នាំ២០១៧នេះ ទទួលបានរង្វាន់សរុប ៣២លាន រៀលស្មើនឹង ៨ពាន់ដុល្លារ, លេខ២ ទទួលបាន ២០លានរៀលស្មើនឹង ៥ពាន់ដុល្លារ, លេខ៣ ទទួលបាន ១២លានរៀលស្មើនឹង ៣ពាន់ដុល្លារ និងលេខ៤ ទទួលបាន ៧លានរៀល។ នេះមិនមែនជាលើកទី១ នោះទេ ដែលសម្ដេចតេជោ ហ៊ុន សែន ចូលរួមគាំទ្រព្រឹត្ដិការណ៍នេះ គឺសម្ដេចតែងឧបត្ថម្ភគាំទ្រជានិច្ច ហើយប្រភេទកីឡាផ្សេងៗ ក៏ដូច្នេះដែរ ។
គួរបញ្ជាក់ថា ស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដ ឆ្នាំ២០១៦ គឺបានទៅកីឡាករ ហូស សុខណា ខណៈឆ្នាំ២០១៤ និងឆ្នាំ២០១៥ គឺគ្រងតំណែង ស្ដេចអុក ២ឆ្នាំជាប់គ្នាដោយកីឡាករ ឈាវ បូរ៉ា ហើយឆ្នាំ២០១៧នេះ ជើងខ្លាំងទាំងពីរ ក៏បានចុះឈ្មោះត្រៀមចូលរួមជាថ្មីហើយផងដែរ៕