(ភ្នំពេញ)៖ រដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា រៀបចំធ្វើ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា។
នៅក្នុងកិច្ចប្រជុំនោះ បានពិភាក្សា និងអនុម័តទៅលើរបៀបវារៈ ចំនួន៣សំខាន់ៗរួមមាន៖
១៖ អង្គប្រជុំ បានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសជាសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ជូនគណៈកម្មការសាធារណការ និងដឹកជញ្ចូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សហកម្ម រ៉ៃ និងថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ពិនិត្យ សិក្សា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។
២៖ អង្គប្រជុំអនុម័តបញ្ចូលក្នុងរបៀបវារៈ នៃសម័យប្រជសភាលើកទី៨ នីតិកាលទី៥ នូវសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិបញ្ញត្តិ។
៣៖ អង្គប្រជុំអនុម័តយល់ព្រមលើរបាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៧ និងលើកទី៨ នីតិកាលទី៥ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ពិនិត្យបញ្ចូលបន្ថែមទៀត នូវកម្មភាពរបស់រដ្ឋសភា រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥ នាពេលខាងមុខនេះ៕