(ភ្នំពេញ)៖ នៅម៉ោងជាង២៖០០នាទី រសៀលថ្ងៃទី២១ ខែមីនា​ ឆ្នាំ២០១៧​នេះ លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានអនុរក្សពន្ធនាគារ បញ្ជូនពីពន្ធនាគារទៅដល់ សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីសាកសួរបន្ថែម ​​ពាក់ព័ន្ធនឹងបទចោទប្រកាន់។

លោក​ គឺម​ សុខ​ ត្រូវបាន លោក សៀង សុខ ព្រះរាជអាជ្ញារងនៃតំណាអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ចំនួន២បទល្មើសគឺបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ» បន្ទាប់ពីលោកចូលខ្លួនឆ្លើយបំភ្លឺចំពោះបណ្តឹងរបស់ មេធាវីសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងកំណត់ហេតុស្តីពីការឃាត់ខ្លួនរបស់ព្រះរាជអាជ្ញារង សៀង សុខ បានសរសេរថា៖ «សម្រេចឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម សុខ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅវេលាម៉ោង១៣៖៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តាមរយៈលោក គី តិច មេធាវីរបស់សម្តេច បានដាក់ពាក្យប្តឹង លោក គឹម សុខ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីលោក គឹម សុខ និយាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន។ ចំពោះករណីនេះ សម្តេចតេជោ ហ៊ុន សែន បានទាមទារសំណងជំងឺចិត្ត៥០ម៉ឺនដុល្លារពីលោក គឹម សុខ។

លោក គឹម សុខ ក៏ត្រូវបានប្តឹងមួយករណីទៀត ដោយមេធាវីការពារក្តីឱ្យសម្តេចតេជោ ហ៊ុន សែន ចំពោះករណីដែលលោកបានចោទ រាជរដ្ឋាភិបាលកម្ពុជា រៀបចំប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ៕