(ព្រៃវែង)៖ ថ្លែងទៅកាន់លោកយាយ លោកតា ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងស្រុកកញ្ជ្រៀច នាយឧត្តមសេនីយ៍ នេត សាវឿន បានស្នើឲ្យប្រជាពលរដ្ឋ និងអាណាព្យាបាល សិស្សទាំងអស់ ត្រូវខិតខំអប់រំទូន្មានកូនចៅឲ្យប្រឹងប្រែងរៀនសូត្រ និងជៀសឲ្យឆ្ញាយពីគ្រឿងញៀន ពិសេសត្រូវបញ្ជូនកូនចៅឲ្យទៅសាលារៀនបានគ្រប់ៗគ្នា ព្រោះថាមានតែចំណេះដឹងទេដែលអាចកែប្រែសេដ្ឋកិច្ចជីវភាពគ្រួសារ ក៏ដូចជាសង្គមជាតិឲ្យមានការរីកចម្រើន។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២១ ខែ មីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា ២ខ្នង ៦បន្ទប់ របស់បឋមសិក្សាស្វាយរមៀត ស្ថិតក្នុងឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបន្ថែមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខដឹកនាំបានខិតខំពុះពារគ្រប់ឧបសគ្គ រក្សាបាននូវ សុខសន្តិភាព ស្ថេរភាព រហូតអភិវឌ្ឍប្រទេសជាតិឈានឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ សុខសន្តិភាពពេញលេញ ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យទាំងពុទ្ធិចក្រ និងអាណាចក្រ ជាក់ស្តែងនៅថ្ងៃនេះយើងបានសម្ពោធដាក់ឲ្យប្រប្រាស់នូវសមិទ្ធផលថ្មីមួយទៀត គឺអគារសិក្សា ២ខ្នង ៦បន្ទប់ របស់បឋមសិក្សាស្វាយរមៀត។
ក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ ក៏បានស្នើឲ្យគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាំងអស់ សូមជួយថែរក្សាអគារសិក្សាថ្មីទាំង២ខ្នងនេះ ឲ្យបានស្ថិតស្ថេរគង់វង្សទុកឲ្យបងប្អូនជំនាន់ក្រោយបានសិក្សារៀនសូត្របន្ត ពិសេសសូមថ្លែងអំណរគុណដល់អង្គការស្គូលអេដ ជប៉ុន ដែលបានកសាងសាលា២ខ្នងនេះ និងសូមឲ្យអង្គការបន្តសាងសង់សាលារៀនឲ្យកាន់តែច្រើនបន្ថែមទៀត។
លោក ប៊ិន ជីវ័ន្ត អភិបាលស្រុកកញ្រ្ជៀច បានឲ្យដឹងថា អគារសិក្សាថ្មីនេះ ចាប់ផ្តើមសាងសង់នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលចំណាយថវិកាអស់ ៣៦០លានរៀល (៩០.០០០ ដុល្លារ) ក្នុងនោះព្រះសង្ឃ អាចារ្យ គណៈកម្មការទ្រទ្រង់សាលា លោកគ្រូ អ្នកគ្រូ និងសប្បុរសជន បានចូលរួមថវិកាដើម្បីចាក់ដីបំពេញទីធ្លាសាលា អស់ថវិកា ១០លានរៀល។
បច្ចុប្បន្នវិស័យអប់រំស្រុកកញ្ជ្រៀច មានគ្រប់គ្រប់កម្រិត ចំនួន ៤៣កន្លែង មានអគារសិក្សាចំនួន ៩៩ខ្នង ស្មើ ៤១៩បន្ទប់ ក្នុងនោះ វិទ្យាល័យមាន ១កន្លែង មានអគារ ៦ខ្នង ស្មើ ៣១បន្ទប់ អនុវិទ្យាល័យ ៧កន្លែង មានអគារ ១៧ខ្នង ស្មើ ៥៦បន្ទប់ បឋមសិក្សា ៣៥កន្លែង មានអគារ ៨២ខ្នង ស្មើ ៣៣២បន្ទប់ មាន ៧កម្រង មត្តេយ្យសិក្សារដ្ឋ មាន ១៦កន្លែង ស្មើ ២១ថ្នាក់ មត្តេយ្យសិក្សាសហគមន៍មាន ៥៧ថ្នាក់ ស្មើ ៥៧ភូមិ។
លោកអភិបាលស្រុក បន្តថា ដើម្បីធានាបាននូវកំនើនការចូលរៀនរបស់សិស្សានុសិស្សមានការកើនឡើងជាលំដាប់ គណៈកម្មការទ្រទ្រង់សាលា លោកគ្រូ អ្នកគ្រូ បានធ្វើសំណើគោរពស្នើសុំអគារសិក្សាពី សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សានៅអនុវិទ្យាល័យស្វាយរមៀត។ ជាការឆ្លើយតប សម្តេចក្រឡាហោម បានផ្តល់ជូនតាមការស្នើសុំនូវអគារ ២ខ្នង ស្មើនឹង ៦បន្ទប់ ក្នុងនោះ ១ខ្នង ២បន្ទប់ សម្រាប់មត្តេយ្យសិក្សា និង ១ខ្នង ៤បន្ទប់ សម្រាប់បឋមសិក្សា តាមរយៈអង្គការស្គូលអេដ ជប៉ុន។
ក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ នេត សាវឿន បានឧបត្ថម្ភសាលាស្រុកកញ្ជ្រៀច ១លានរៀល, តាជី យាយជី ៥០នាក់ ម្នាក់ ១ម៉ឺនរៀល ក្រណាត់ស ១ដុំ, លោកគ្រូ អ្នកគ្រូ ៦៨នាក់ ម្នាក់ ២ម៉ឺនរៀល, គ្រូពេទ្យ ១៥នាក់ ម្នាក់ ២ម៉ឺនរៀល, យុវជនកាកបាទក្រហម យុវជនកាយឫទ្ធិ យុវជនសសយក សរុប១៥០នាក់ ម្នាក់ ១ម៉ឺនរៀល, សិស្សានុសិស្ស ៦០០នាក់ ម្នាក់ ៥ពាន់រៀល សៀវភៅ ១ក្បាល និងប៊ិច ១ដើម និងបានចែកមួយសុវត្ថិភាពចំនួន ២០០មួក ដល់សិស្សនុសិស្សផងដែរ ៕