(ភ្នំពេញ)៖ លោក ស៊ុម ភារិន ចាងហ្វាងផលិតកម្ម បាដិហារ្យ ភាពយន្ត បានថ្លែងឲ្យដឹងថា រឿង «លង់ស្នេហ៍អ្នកគ្រូ» ដែលជាស្នាដៃទី២ របស់បដិហារ្យភាពយន្ត ត្រូវបានសម្រិតសម្រាំង លើការផលិតជាខ្លាំងជាមួយនឹងរសជាតិថ្មីប្លែក ពីភាពយន្តដទៃ និងជាចំណីអារម្មណ៍ថ្មីមួយទៀត សម្រាប់អ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅ ដែលតែងតែគាំទ្រស្នាដៃកូនខ្មែរ ក្នុងការផលិតភាពយន្ត ដាក់បញ្ចាំងលើទីផ្សារ។
ការថ្លែងបែបនេះត្រូវបានធ្វើឡើង ក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងជាផ្លូវការ រឿង «លង់ស្នេហ៍អ្នកគ្រូ» នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ រោងភាពយន្ត Legend ផ្សារទំនើប ស្ទឹងមានជ័យ ខណៈដែលភាពយន្តខ្នាតធំនេះ នឹងត្រូវដាក់បញ្ចាំងគ្រប់រោងភាពយន្ត ទាំងអស់នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។
ចាងហ្វាងផលិតកម្ម រូបនេះ បានបន្តទៀតថា សាច់រឿងទាំងមូលមានលក្ខណៈកំប្លែង សើច តាំងពីដើមដល់ចប់ ព្រោះគ្រប់ឈុតឆាកនីមួយៗ ប្លែកទាំងអស់ ធ្វើឲ្យអ្នកទស្សនាស្មានមិនត្រូវ ដែលត្រូវតែតាមដាន រហូតដល់ចប់ ពោលគឺការផលិតភាពយន្តនេះឡើង ដោយផ្អែកលើគំនិតច្នៃប្រឌិតខ្ពស់ ដែលបានសិក្សាស្វែងយល់ពីភាពយន្តបរទេស ទាំងការរចនាប្លង់ ហើយឈុតឆាកនីមួយៗ ផ្តោតលើបារ៉ូល គឺតួអង្គនិយាយចេញមកមិនដដែលៗ ដែលទស្សនិកជនអាចមើលបានទាំងរូបភាព និងស្ដាប់សំឡេងបានគ្រប់រសជាតិ។
លោកបញ្ជាក់ថា រឿងនេះផ្ដោតលើស្នេហារវាងសិស្ស និងគ្រូដែលសម្ដែងដោយ នាយចឺម នាយពែកមី លោក សេម ជាសិស្សតាមស្រឡាញ់អ្នកគ្រូ ដែលសម្ដែង ដោយកញ្ញាឌុច លីដា ហើយរឿងនេះ នឹងមិនធ្វើឲ្យអ្នកទស្សនាស្ដាយលុយ និងពេលវេលាទេ ក៏ព្រោះតែជារឿងបែបកំប្លែង សើចសប្បាយតាំងពីដើមរហូតដល់ចប់។
សូមបញ្ជាក់ថា ភាពយន្តខ្នាតធំរឿង «លង់ស្នេហ៍អ្នកគ្រូ» ដែលជាភាពយន្តមានរសជាតិថ្មីប្លែកខុស ពីភាពយន្តដទៃ ជាមួយនឹងការរំពឹងថា អាចទាក់ទាញបានការគាំទ្រខ្លាំង ត្រូវបានចាយទុន ក្នុងការផលិតខ្ទង់៤ម៉ឺនដុល្លារ ដែលបានសម្រិតសម្រាំងការផលិតជាខ្លាំង ដែលក្រៅពីមានសាច់រឿងល្អ ហើយបានផ្ដោតលើការសម្ដែងរបស់តួអង្គ និងការដឹកនាំសម្ដែងជាដើម៕