(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ បញ្ជាក់ឡើងវិញប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅវេលាថ្ងៃត្រង់ទី២១ ខែមីនា ឆ្នាំ២០១៧នេះថា គោលបំណងរបស់សាលារាជធានីភ្នំពេញ គឺស្នើឲ្យគ្រប់ធនាគារទាំងអស់ពិនិត្យឡើងវិញ នូវការដាក់ម៉ាស៊ីនដកប្រាក់ (ATM) នៅទីតាំងណាមួយ ដែលមានសុវត្តិភាព និងមានអ្នកយាមត្រឹមត្រូវ ជៀសវាងបញ្ហាផ្សេងៗកើតឡើង។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់បន្ថែមទៀតថា ការស្នើឲ្យគ្រប់ធនាគារទាំងអស់ពិនិត្យឡើងវិញ នូវការដាក់ម៉ាស៊ីនដកប្រាក់ (ATM) នៅទីតាំងណាមួយដែលមានសុវត្តិភាពនេះ ធ្វើឡើងបន្ទាប់ពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ហេតុការណ៍ជនសង្ស័យបានដាក់បំផ្ទុះទូរដកប្រាក់ (ATM) នៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បណ្តាលឲ្យម៉ាស៊ីន ATM ដកលុយរងការបែកបាក់ផ្ទុះកញ្ចក់ បង្កភាពភ្ញាក់ផ្អើលផងដែរ។
សូមជំរាបថា នៅរសៀលថ្ងៃទី២០ មីនា ឆ្នាំ២០១៧ម្សិលមិញ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានលើកឡើងថា ម៉ាស៉ីនដកប្រាក់ (ATM) អាចនឹងត្រូវផ្លាស់ប្តូរទីតាំង ប្រសិនបើមិនមានអ្នកការពារ អ្នកមើលថែទាំ ហើយគ្រប់ម្ចាស់ម៉ាស៊ីន ATM ត្រូវមានការសហការជាមួយសមត្ថកិច្ច៕