(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហាញក្តីរំពឹងថា សមាជិកគណបក្សសង្រ្គោះជាតិទាំងអស់ នឹងចូលរួមកិច្ចគ្រប់ប្រជុំ ដើម្បីឆ្លើយតបជាមួយប្រជាពលរដ្ឋ បានបោះឆ្នោតគាំទ្រ និងបោះឆ្នោតឲ្យ។ លោក ផៃ ស៊ីផាន សង្ឃឹម និងជឿជាក់ថា កាតព្វកិច្ចនេះ នឹងត្រូវអនុវត្តន៍ជារៀងរហូត របស់គណបក្សសង្រ្គោះជាតិ ដើម្បីចូលរួមនៅក្នុងវប្បធម៌ប្រជាធិបតេយ្យសេរីពហុបក្ស។
ការលើកឡើងរបស់លោក ផៃ ស៊ីផាន បានធ្វើឡើងក្រោយពីរដ្ឋសភា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៌សភាជាតិ ពិភាក្សាលើរវៀបវារៈសំខាន់ៗចំនួន៣ ប៉ុន្តែនៅក្នុងកិច្ចប្រជុំនេះ មានវត្តមាន សមាជិកមកពីគណបក្សសង្រ្គោះជាតិតែ២នាក់ប៉ុណ្ណោះ បានចូលរួមខុសពីគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកចូលរួមរហូតទៅដល់៥រូប។
លោក ផៃ ស៊ីផាន បានបង្ហោះឲ្យដឹង នៅក្នុង Facebook ផ្លូវការឲ្យដឹងថា «ព្រឹត្តិការណ៍នៃការចូលរួមរបស់សមាជិក CNRP នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៌សភាជាតិ គឺជាកាតព្វកិច្ចសុទ្ធសាធ របស់សមាជិកនៅក្នុងរដ្ឋសភាក្នុងការឆ្លើយតប ជាមួយនឹងប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រខ្លួន។ ការចូលរួមនេះ គឺមិនអាចជាដាច់ខាតយកមកបកស្រាយ នៅក្នុងយុទ្ធនាការ នៃហេតុផលនយោបាយណាមួយ ដើម្បីផលប្រយោជន៍របស់ខ្លួននោះឡើយ ដោយនេះជាកាតព្វកិច្ចរបស់ តំណាងរាស្ត្រក្នុងន័យពង្រឹងនីតិរដ្ឋសុទ្ធសាធ។ ខ្ញុំសង្ឃឹម និងជឿជាក់ថា កាតព្វកិច្ចនេះ នឹងត្រូវអនុវត្តន៍ជារៀងរហូត របស់គណបក្ស CNRP ដើម្បីចូលរួម នៅក្នុងវប្បធម៌ប្រជាធិបតេយ្យសេរីពហុបក្ស»។
ជាការកត់សំគាល់ រាល់កិច្ចប្រជុំភាគច្រើន ដែលរដ្ឋសភា បានបើកដំណើរការ ហាក់ដូចជាមិនសូវមានវត្តមាន របស់សមាជិក គណបក្សសង្រ្គោះជាតិនោះទេ នៅពេលខ្លះទៀត គឺមិនមានវត្តមានសូម្បីតែម្នាក់។ ការពហិការ និងអវត្តមាន របស់សមាជិក គណបក្សសង្រ្គោះជាតិកន្លងមក ទទួលរងការរិះគន់ជាបន្តបន្ទាប់ថា សកម្មភាពរបស់គណបក្សសង្រ្គោះជាតិ ហាក់ដូចជា មិនគោរព និងឲ្យតម្លៃលើប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រ ហើយក៏បានបង្ហាញពីចរិកមិនទទួលខុសត្រូវ ក្នុងនាមជាតំណាងរាស្រ្ត ដែលប្រជាពលរដ្ឋបានជ្រើសរើសឲ្យជាតំណាង៕