(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពលួចបើកទ្វារ យកគ្រឿងអលង្ការ និងលុយនៅក្នុងរថយន្ត ជាប់របងវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបានបញ្ជូនទៅតុលាការនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ឈ្មោះ នី ម៉ូនីន អាយុ១៧ឆ្នាំ ស្នាក់នៅភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើសកម្មភាពលួចបើកទ្វាររថយន្តយកសម្ភារមួយចំនួនរួមមាន៖ ខ្សែកផ្លាកទីនបន្តោងពេជ្រ, ក្រវិលពេជ្រ, ចិញ្ចៀន, ប្រាក់ដុល្លារ១៣,០០០ដុល្លារ, ប្រាក់រៀលចំនួន២,០០០,០០០រៀល និងឯកសារមួយចំនួន) នៅចំណុចទល់មុខកន្លែងលក់ផ្កា ផ្លូវឧកញ៉ាម៉ុងឬទ្ធី សង្កាត់ភ្នំពេញ្មថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលបានបន្ថែមទៀតថា ចំណែកឯជនរងគ្រោះ ឈ្មោះ ប៉ែន សុភាព ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវលេខ១ បុរីពិភពថ្មី សង្កាត់ភ្នំពេញ្មថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរលក់ដូរ៕