(កណ្តាល)៖ យុវជនម្នាក់ត្រូវអធិការរងនគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លោកវរសេនីយ៍ត្រី យន់ គង់ បាញ់ប្រហារចំស្មាខាងស្តាំ បណ្តាលឲ្យរងរបួស ពេលដែលកម្លាំងនគរបាល ចុះបង្ក្រាបបទល្មើសនេសាទ (ឆក់ត្រី) ស្ថិតនៅស្ថិតនៅភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាស្ទឹង។
តាមពិតហេតុការណ៍បាញ់ប្រហារខាងលើនេះ បានកើតឡើងតាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧មកម្ល៉េះ ប៉ុន្តែទើបបែកធ្លាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ ដោយសារតែសំណុំរឿងនេះ ត្រូវបានសមត្ថកិច្ចលាក់ជិតឈឹង ហើយត្រឹមតែបញ្ចប់រឿងនៅថ្នាក់មូលដ្ឋាន ដោយសមត្ថកិច្ចបានបង្វែររឿងថា យុវជនរូបនេះជាប់ពាក់ព័ន្ធគ្រឿងញៀនទៅវិញ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា កាលពីថ្ងៃទី១៧ ខែមីនាឆ្នាំ២០១៧ មានករណីបង្ក្រាបបទល្មើសនេសាទខុសច្បាប់ (ឆក់) ត្រី ក្រោមការដឹករបស់លោកវរសេនីយ៍ យន់ គង់ អធិការរងនគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ពេលលោក យន់ គង់ និងកម្លាំងបានទៅដល់កន្លែងកើតហេតុ ស្រាប់តែអ្នកនេសាទ និងយុវជនរងគ្រោះនាំគ្នារត់ តែយុវជនគ្រោះរត់មិនទាន់បានប៉ុន្មានផង ស្រាប់តែលោកអធិការរងរូបនោះ ដកកាំភ្លើងខ្លីពីចង្កេះបាញ់តំរង់បណ្តាលឲ្យចំស្មា ខាងស្តាំធ្លាយម្ខាងមកម្ខាង។
បន្ទាប់ពីបាញ់ឲ្យរបួសហើយ កម្លាំងនគរបាលបានចាប់បញ្ជូនយុវជនរងគ្រោះមកកាន់ អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដោយលើកហេតុផលថា ជននេះមានគ្រឿងញៀនជាប់ខ្លួន ដើម្បីកុំឲ្យអាណាព្យាបាលប្តឹង និងគំរាមអាណាព្យាយាមយុវជនរងគ្រោះថា ជាមុខសញ្ញាជួយដូគ្រឿងញៀនទៀតផង។
យ៉ាងណាក៏ដោយ បើទោះពីយុវជនរូបនេះ មានការជាប់ពាក់ព័ន្ធគ្រឿងញៀន តែការបាញ់ប្រហារបណ្តាលឲ្យរងរបួសបែបនេះ ជាករណីព្រហ្មទណ្ឌមួយ គួរតែត្រូវបានកសាងសំណុំរឿង និងចាត់ការតាមផ្លូវតុលាការ៕