(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងថា ម៉ាស៉ីនដកប្រាក់ (ATM) នៅតាមទីសាធារណៈនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ អាចនឹងត្រូវលុបបំបាត់ចោល ប្រសិនបើគ្មានការការពារសុវត្ថិភាពត្រឹមត្រូវ។
ការអះអាងរបស់លោក ប៉ា សុជាតិវង្ស យ៉ាងដូច្នេះធ្វើឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ មីនា ឆ្នាំ២០១៧ ម្សិលមិញ។
គ្រោងការដែលចង់លុបបំបាត់ម៉ាស៉ីនដកប្រាក់ នៅតាមទីសាធារណៈរបស់ធនាគារទាំងអស់នេះ បន្ទាប់ពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ហេតុការណ៍ជនសង្ស័យបានដាក់បំផ្ទុះទូរដកប្រាក់ (ATM) នៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បណ្តាលឲ្យម៉ាស៊ីន ATM ដកលុយរងការបែកបាក់ផ្ទុះកញ្ចក់ បង្កភាពភ្ញាក់ផ្អើលផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំលោក ប៉ា សុជាតិវង្ស បានលើកឡើងថា ម៉ាស៉ីនដកប្រាក់ (ATM) គួរតែលុបបំបាត់មិនឲ្យដាក់នៅតាមទីសាធារណៈនោះទេ បើមិនមានអ្នកការពារ អ្នកមើលថែ បង្កឲ្យមានបទល្មើស ដូច្នេះមន្ត្រី និងសមត្ថកិច្ច ត្រូវសិក្សារួមគ្នាមួយ ដើម្បីលុបបំបាត់៕