(ភ្នំពេញ)៖ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជន នៅថ្ងៃនេះ បានប្រតិកម្មទៅនឹង ក្រុមមនុស្សមួយចំនួនដែលហៅខ្លួនឯងថាជា «សភាអាស៊ាន» ហើយវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា។ លោកអះអាងថា តំបន់អាស៊ាននេះ សភាអាស៊ានមួយប៉ុណ្ណោះនោះ គឺ AIPA។
ប្រតិកម្មរបស់ អ្នកនាំពាក្យរដ្ឋសភា មកពីគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយប្រឆាំងមួយចំនួន បានចុះផ្សាយរបាយការណ៍របស់ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ដោយដាក់ចំណងជើងថា «ការវាយប្រហារសមាជិកសភា និងការគំរាមកំហែងស្ថាប័នកម្ពុជា គឺជាសំឡេងជួងមរណៈសម្រាប់ប្រជាធិបតេយ្យនៅកម្ពុជា»។ របាយការណ៍នេះ បានចោទប្រកាន់ថា ប្រព័ន្ធនយោបាយកម្ពុជា កំពុងប្រឈមនឹងវិបត្តិភាពស្របច្បាប់ និងគំរាមដល់ភាពអន្តរាយរបស់ប្រទេស ដែលលទ្ធិប្រជាធិបតេយ្យកំពុងតែផុយស្រួយ។
ថ្លែងក្នុងសន្និសីទកាសែត នៅវិមានរដ្ឋសភា ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ លោក ឈាង វុន តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្រុមទាំងនោះមិនមែនជាសភាអាស៊ាននោះទេ ហើយសភាអាស៊ាន ក៏មិនដែលរិះគន់កម្ពុជាដែរ។
លោកបានបញ្ជាក់បែបនេះថា៖ «ថ្មីៗនេះ ក្រុមមនុស្សដែលគេហៅថា ជាសភាអាស៊ាននោះ គឺគ្រាន់តែជាក្រុមមនុស្សមួយក្តាប់តូច។ ខ្ញុំសូមជំរាបថា ក្នុងកិច្ចការសភាតំបន់ សភាអាស៊ានមានតែមួយទេ គឺ អាយប៉ា (AIPA) អត់មានរួមទេគឺសភាប្រទេសនីមួយៗ គឺជាសមាជិកសភាអាស៊ាន»។
លោក ឈាង វុន បានបន្ថែមថា សមាជិកសភាមួយ ដែលប្រព័ន្ធផ្សព្វផ្សាយ បានយកមកវាយប្រហារកម្ពុជានោះ គឺសុទ្ធតែជាសមាជិសភាប្រឆាំង នៅក្នុងប្រទេសសមាជិកអាស៊ាន ហើយក្នុងចំណោមនោះ មានអ្នកខ្លះមិនមែនជាសមាជិកសភាផង។ ដោយឡែកនៅកម្ពុជា ក៏មានអនុប្រធានរបស់គណបក្សប្រឆាំង លោកស្រី មូរ សុខហួរ ចូលរួមដែរ៕