(កំពង់ធំ)៖ ប្រជាពលរដ្ឋជាច្រើននាក់រស់នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បានប្រាប់ និងត្អូញត្អែរទៅថ្នាក់ដឹកនាំខេត្តថា នាពេលបច្ចុប្បន្ននេះ មន្រ្តីបរិស្ថាន និងមន្រ្តីអាវុធហត្ថ នៅតែបន្តចាប់ជំរិតទារលុយពីពួកគាត់ គ្រាន់តែដឹកកូនឈើបន្តិចបន្តួចយកទៅលក់ ដែលពួកគាត់សូមឲ្យអាជ្ញាធរចាត់វិធានការ និងដោះស្រាយផង។
ការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើងនៅចំពោះលោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារ ពេលចុះសួរសុខទុក្ខ ស្វែងយល់បញ្ហាប្រឈមនានា ដើម្បីដោះស្រាយជូនពួកគាត់ នៅឃុំពពក ស្រុកស្ទោង នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា «ពេលចុះសួរសុខទុក្ខប្រជាពលរដ្ឋ ក៏បានឡើងសម្តែងនូវការមិនពេញចិត្តរបស់មន្ត្រីបរិស្ថាន និងមន្ត្រីអាវុធហត្ថ ដែលតែងតែឆ្លៀតឱកាសជំរិតយកប្រាក់ពីពួកគាត់ ក្នុងការដឹកកូនឈើយកទៅលក់ដើម្បីគ្រាន់តែបានមួយចំអែតក្រពះប៉ុណ្ណោះ ក្នុងនោះដែរពួកគាត់បានសំណូមពរឲ្យអាជ្ញាធរជួយសាងសង់ផ្លូវស្ពាន និងសាលារៀននៅភូមិកោះសំរោង ដែលជាភូមិនៅដាច់ឆ្ងាយ ស្ថិតនៅក្នុងព្រៃ ធ្វើឲ្យកុមារពិបាកធ្វើដំណើរមកសិក្សានៅសាលារៀនក្នុងភូមិផ្សេងទៀត»។
ជាការឆ្លើយតបមកវិញលោក គង់ វិមាន និងក្រុមការងារបានដោះស្រាយ ចំពោះការយកប្រាក់របស់មន្ត្រីបរិស្ថាន និងមន្ត្រីអាវុធហត្ថ ដោយប្រកាសចាត់វិធានការណ៍ឲ្យបញ្ឈប់ជាបន្ទាន់ ហើយបញ្ហាប្រឈមមួយចំនួនទៀត ដែលនៅសេសសល់ លោកនឹងនាំជូនក្រុមការងារ និងថ្នាក់ដឹកនាំបានជ្រាប ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋនាពេលខាងមុខ។
លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវមានរបបប្រជុំឲ្យបានច្បាស់លាស់ ដោយធ្វើផែនការសកម្មភាព ជាអាទិភាពក្នុងការឆ្លើយតប តាមតម្រូវការជាក់ស្តែង ត្រូវចុះឲ្យដល់ផ្ទះប្រជាពលរដ្ឋ ដែលជួបការលំបាកជាពិសេស ត្រូវមានទំនុកចិត្តទៅលើរាជរដ្ឋាភិបាល។
ក្នុងនោះដែរលោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ថា «យើងត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្ស ដោយរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ នាំគា្នគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នានិងជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងជួយពន្យល់ដល់កូនរបស់ខ្លួន កុំឲ្យមានការប្រើប្រាស់គ្រឿងញៀន ជាពិសេសអ្នកទៅរកស៊ីនៅប្រទេសថៃ ឬអ្នកចំណាកស្រុក ព្រមទាំងទប់ស្កាត់កុំឲ្យមានបងតូចបងធំ ដែលធ្វើឲ្យបាត់បង់នូវវប្បធម៌ប្រពៃណី ពីយូរយាមកហើយ»៕