(ភ្នំពេញ)៖ ចំណាត់ការរបស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ គ្មានប្រសិទ្ធភាពនោះឡើយ សម្រាប់សំណង់រំលោភផ្លូវសាធារណៈ និងដីរបស់ប្រជាពលរដ្ឋ ក្បែរខាងមួយកន្លែង ដោយចុះទៅហាមឃាត់ចំនួន៣ដងមកហើយ តែម្ចាស់សំណង់នៅបន្តសាងសង់ដដែលទាំងបំពានច្បាប់ទៀតផង។
ទីតាំងសង់សំណង់ជាប្រភេទផ្ទះល្វែងខាងលើនេះ ស្ថិតនៅជិតរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៤ កែងផ្លូវចូលភូមិគ្រឹះវ៉ូហ្គោ១ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារម្ចាស់សំណង់សង់រំលោភនោះ បានសុំអន្តរាគមន៍ទៅអាជ្ញាធរខណ្ឌផងដែរ ប៉ុន្តែពាក្យបណ្តឹងប្រៀបដូចក្រដាសជូតមាត់យ៉ាងដូច្នេះ ដោយសារតែដំណោះស្រាយមិនមានលទ្ធផលនោះទេ តាំងពីខែកុម្ភៈ រហូតមកដល់ពេលនេះ។
សម្រាប់សំណង់មួយនេះ សូម្បីតែអាជ្ញាធរមូលដ្ឋាន និងមន្រ្តីភូមិបាលខណ្ឌ ដែលមានជំនាញខាងសំណង់នោះ ក៏បានប្រាប់ថា គ្មានច្បាប់អនុញ្ញាតដែរពោលដំណើរការ សាងសង់ទាំងបំពានតែម្តង។
ភ្នាក់ងារ Fresh News រាយការណ៍នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះថា «សំណង់អគារមួយកន្លែង ដែលសាងសង់ គ្មានច្បាប់អនុញាតពីសាលាខណ្ឌ និងសាលារាជធានីភ្នំពេញ បាននិងកំពុងលួចសង់យ៉ាងគគ្រឹកគ គ្រេងត្រូវបានអាជ្ញាធរ សង្កាត់-ខណ្ឌចុះធ្វើការផ្អាកចំនួន៣ដងរួចមកហើយ តែហាក់បីដូចជាគ្មានប្រសិទ្ធភាពនោះឡើយ។ ម្ចាស់សំណង់អគានោះ នៅតែបន្តសាងសង់ ដោយគ្មានញញើតញញើមចំពោះការហាមឃាត់របស់ អាជ្ញាធរសូម្បីតែបន្តិចសោះឡើយ ព្រមទាំងបង្កទំនាស់ និងរំលោភបំពានយកព្រំដីអ្នកជិតខាងបន្ថែមទៀត»។
ប្រជាពលរដ្ឋរងគ្រោះ បានលើកឡើងថា បើសិនអាជ្ញាធរខណ្ឌគ្មានលទ្ធភាព ចុះទប់ស្កាត់សំណង់ខុសច្បាប់មួយនេះ ចឹងមានតែឲ្យម្ចាស់សំណង់ទៅធ្វើអាជ្ញាធរវិញទៅទើបត្រឹមត្រូវ។ បើតាមមន្រ្តីភូមិបាលខណ្ឌពោធិ៍សែនជ័យ ម្ចាស់សំណង់មានឈ្មោះ សុក អាន។
ប្រជាពលរដ្ឋបានសំណូមពរដល់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ជួយចាត់វិធានការសំណង់ខុសច្បាប់មួយនេះឲ្យមានប្រសិទ្ធភាព មិនគួរណាទុកឲ្យសង់រំលោភដីរបស់រដ្ឋ និងដីអ្នកជិតខាងបែបនេះឡើយ បើដូច្នេះមែនច្បាប់គ្មានប្រសិទ្ធភាព សម្រាប់អ្នកអនុវត្តនោះទេ។ ជនរងគ្រោះថា បើខណ្ឌគ្មានលទ្ធភាពដោះស្រាយទេ លោកនឹងប្តឹងទៅរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ទេសរដ្ឋមន្រ្តី ជា សុផារ៉ា បន្តទៀតឲ្យជួយរកយុត្តិធម៌៕