(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ខាងមុខនេះ តុលាការកំពូល នឹងបើកសវនាការរឿងក្ដី លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប។
លោក សំ សុគង់ ជាមេធាវីការពារក្ដីលោក នី ចរិយា បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមីនាថា តុលាការកំពូល នឹងជំនុំជម្រះបណ្ដឹងសុំនៅក្រៅឃុំរបស់លោក នី ចរិយា នាព្រឹកថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។
ឯកសារពីតុលាការកំពូល បង្ហាញថា លោក នី ចរិយា ជាប់ចោទពីបទ «សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមីនា ខែមេសា ឆ្នាំ២០១៦ ។
គួរបញ្ជាក់ថា ក្នុងសំណុំរឿងនេះ មានជនត្រូវចោទ៥នាក់ ហើយត្រូវបានតុលាការរកឃើញថា ពួកគាត់បានបញ្ចុះបញ្ចូល ឬលួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា៕