(ភ្នំពេញ)៖ ធនាគារ The Bank of Tokyo-Mitsubishi UFJ ជាធនាគារធំជាងគេនៅប្រទេសជប៉ុន បានកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកប្រតិបត្តិការ និងទុនវិនិយោគរបស់ខ្លួនក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យកាន់តែរីកចម្រើន ក៏ដូចជាទាក់ទាញវិនិយោគិន ពីប្រទេសជប៉ុនមកកម្ពុជា ឱ្យកាន់តែច្រើន។
លោក តាកាយ៉ុស្ស៊ិ ហ្វឹតាអេ នាយកប្រតិបត្តិធនាគារ ប្រចាំតំបន់អាស៊ីនិងអូសេអានី បានថ្លែងឲ្យដឹងនៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ ក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃម្ពុជាថា ធនាគារជប៉ុនពិតជាចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការវិនិយោគវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ជាមួយគ្នានោះដែរលោក ក៏បាន សម្ដែងការកោតសសើរ ចំពោះការការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជាជារួម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានបង្កលក្ខណៈងាយស្រួល និងយកចិត្តទុកដាក់ចំពោះការវិនិយោគពីក្នុង និងក្រៅស្រុក។
ជាការឆ្លើយតប លោក ជា ចាន់តូ បាន មានសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ The Bank of Tokyo-Mitsubishi UFJ នៅកម្ពុជា ហើយក៏ស្វាគមន៍ចំពោះចំណាប់អារម្មណ៍ របស់ធនាគារក្នុងការពង្រីកប្រតិបត្តិការនិងការវិនិយោគរបស់ខ្លួននៅកម្ពុជា ។
សូមបញ្ជាក់ថា ធនាគារ The Bank of Tokyo-Mitsubishi UFJ ជាធនាគារដ៏ធំជាងគេនៅប្រទេសជប៉ុន និងជាធនាគារមួយក្នុងចំណោមធនាគារធំបំផុតរបស់ពិភពលោក ដែលមានដើមទុនប្រមាណ ១៥ ប៊ីលានដុល្លារអាមេរិកមានសាខាក្នុងស្រុក និងបរទេសជាង ៨០០ និងបុគ្គលិកសរុបជាង ៣៥ពាន់នាក់។ វត្តមានរបស់ធនាគារធំជាងគេរបស់ជប៉ុនមួយនេះ ក៏បានបង្ហាញពីជំនឿទុកចិត្ត របស់វិនិយោគិនចំពោះស្ថានភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងទស្សនវិស័យនាពេលខាងមុខ៕