Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាំកុងត្រូលច្រកទ្វាអន្តរជាតិព្រែកចាក បន្តចុះត្រួតពិនិត្យគុណភាពមុខទំនិញ នាំចូលពីប្រទេសវៀតណាម ទប់ស្កាត់ទំនិញមានសារធាតុគីមី

20-03-2017 18:02

(កំពត)៖ មន្រ្តីកាំកុងត្រូលច្រកទ្វាអន្តរជាតិព្រែកចាក ដឹកនាំដោយ លោក សៅ រស្មី ប្រធានការិយាល័យកាំកុងត្រូល ប្រចាំច្រកទ្វារអន្តរជាតិ ព្រែកចាក នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ បានបើកយុទ្ធនាការដូចភ្លៀងរលឹម ត្រួតពិនិត្យគុណភាពរាល់មុខទំនិញ ដែលនាំចូលពីប្រទេសវៀតណាម នៅច្រកទ្វាអន្តរជាតិព្រែកចាក ស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

លោក សៅ រស្មី បានប្រាប់ឲ្យដឹងថា ដោយយោងតាមការណែនាំរបស់ លោកប្រធានសាខាកាំកុងត្រូលខេត្តកំពត ក៏ដូចជាអគ្គនាយកដ្ឋាន ដែលរាជរដ្ឋាភិបាល បានដាក់ចេញឲ្យពង្រឹងការអនុវត្តន៍ នៃការគ្រប់គ្រង អំពីគុណភាព សុវត្ថិភាព ចំណីអាហារ និងផលិតផលទំនិញទាំងឡាយ សំដៅរួមចំណែកលើកកម្ពស់សុខភាព និងការទទួលជឿទុកចិត្ត ពីប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង។ ម្យ៉ាងទៀត ដំណើរការអនុវត្តន៍ការគ្រប់គ្រងហានិភ័យ និងកិច្ចការសម្រួលពាណិជ្ជកម្ម។

លោក សៅ រស្មី បានបន្តថា រាល់មុខទំនិញមួយចំនួនត្រូវបានកំណត់ហានិភ័យរបស់វា ហើយផលិតផលម្ហូបអាហារ ដែលមានហានីភ័យខ្ពស់ ត្រូវបានត្រួតពិនិត្យផ្នែករូបវ័ន្តយ៉ាងម៉ត់ចត់ និងមានការធ្វើតេស្តបឋម ដើម្បីស្វែងរកសាធាតុគីមី ខុសច្បាប់ ក្នុងនោះមាន ផលិតផលបន្លែ ផ្លែឈើ មឹក បង្គា (ក្រៀម និងក្លាស្សេ) ព្រមទាំងយកគំរូ មកធ្វើការវិភាគនៅមន្ទីរ ពិសោធន៍ផងដែរ ដើម្បីទប់ស្កាត់ ឲ្យបាននូវការហូរចូលផលិតផល មិនត្រឹមត្រូវតាមបញ្ញត្តិ និងស្តង់ដារ ពិសេសម្ហូប អាហារខូចគុណភាព ហួសការកំណត់ប្រើប្រាស់ មានផ្ទុកសារធាតុគីមីហាមឃាត់ ឬជាតិពុលជាដើម។

នៅក្នុងការចុះត្រួតពិនិត្យនោះដែរ មន្ត្រីជំនាញធ្វើតេស្តបឋម មិនបានរកឃើញភាពមិនប្រក្រតីណាមួយទេ ប៉ុន្តែមន្ត្រីជំនាញ បានសុំគំរូផលិតផលទាំងនោះ យកទៅពិនិត្យនៅមន្ទីរពិសោធន៍បន្តទៀត។

នៅក្នុងឱកាសនោះ មន្ត្រីជំនាញបានណែនាំដល់អាជីវករ និងអ្នកនាំទំនិញចូលទាំងអស់ត្រូវមានឆន្ទៈ គិតគូដល់សុភាព ប្រជាពលរដ្ឋជាធំ និងមានការប្រុងប្រយ័ត្ន ជ្រើសរើសយកតែផលិតផលទំនិញមានគុណភាពល្អ មិនប៉ះពាល់ដល់សុខភាព និងពុំមានផ្ទុកសារធាតុគីមីដែលច្បាប់ហាមឃាត់ចូលមកប្រទេសកម្ពុជាឡើយ។

លោក សៅ រស្មី បានបញ្ជាក់ឲ្យដឹងថា ច្រកទ្វាអន្តរជាតិព្រែកចាក ជាប់ព្រំប្រទល់ជាមួយវៀតណាម គឺមន្ត្រីកាំកុងត្រូល នៅទីនេះ តែងតែធ្វើការពិនិត្យគុណភាពទំនិញជាប្រចាំទាំងយប់ទាំងថ្ងៃ និងមានបាតុភាពបន្តិចបន្តួចប៉ុណ្ណោះ កន្លងមក ក៏អាចពន្យល់ ណែនាំ និងដោះស្រាយដោយរលូនជាមួយក្រុមអាជីវករ ឲ្យអនុវត្តរួចហើយផងដែរ៕