(សៀមរាប)៖ ថ្លែងនៅក្នុងកម្មវិធីកិច្ចប្រជុំតុមូលចិន លើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅសណ្ឋាគារសុខា ខេត្តសៀមរាប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែង រំលឹកពីការលើកឡើងរបស់សម្តេចក្នុងវេទិកាសេដ្ឋកិច្ច ពិភពលោកនៅប្រទេសស្វីសនាពេលកន្លងទៅ។
សម្តេចតេជោ បានបន្ថែមថា សម្តេចជឿជាក់ថា អាមេរិក និងចិន មិនអាចផ្ទុះសង្រ្គាមជាមួយគ្នានោះឡើយ ហើយបើអាមេរិកចង់កើតសង្រ្គាម ចិន ក៏មិនវាយជាមួយនោះឡើយ ហើយអាស៊ានមិនធ្វើជាស្មៅឲ្យដំរីជាន់នោះឡើយអាស៊ានដើរតួសម្របសម្រួល ដល់មហាអំណាចចិន និងអាមេរិក មិនទុកឲ្យមានជម្លោះ ហើយបង្កគ្រោះថ្នាក់ដល់អាស៊ាន នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំបាននិយាយទៅកាន់អង្គប្រជុំថា ខ្ញុំមិនជឿថាគោលនយោបាយគាំពានិយម របស់អនាគតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលជិតចូលកាន់តំណែងទទួលបានជោគជ័យនោះទេ ខ្ញុំលើកឧទារណ៍ បង្ខំឲ្យបណ្តាអ្នកផលិត រថយន្តរបស់អាមេរិក ទៅក្នុងស្រុកអាមេរិក ហើយហាមឃាត់ការនាំចូលពីប្រទេសដទៃទៀត ប្រជាជនមិនព្រមប្រើរថយន្តផលិតដោយអាមេរិក ចឹងដោះស្រាយយ៉ាងម៉េច? តើវាជាសេដ្ឋកិច្ចទីផ្សារ ឬសេដ្ឋកិច្ចចាប់បង្ខំ ខ្ញុំគិតថានៅលើពិភាពលោក មានតែប្រទេសតែមួយទេ ដែលបង្ខំប្រជាពលរដ្ឋឲ្យប្រើរបស់ខ្លួន តែខ្ញុំមិនចាំបាច់និយាយឲ្យចំថាប្រទេសណានោះទេ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមថា «ខ្ញុំបានប្រាប់ទៅសាស្រ្តចារ្យម្នាក់ថា កុំទៅបង្រៀននិស្សិតបែបនេះ តែលោកបាននិយាយថា នៅពេលខាងមុខអាមេរិក និងចិន នឹងវៃគ្នា ហើយដាក់អាស៊ានឲ្យទៅជាតំបន់ដែលមានគ្រោះថ្នាក់ ពេលហ្នឹង មានការធ្វើអត្ថាធិប្បាយបន្តទៀតថា ដំរីជល់គ្នា នឹងធ្វើឲ្យងាប់ស្រមោច បានខ្ញុំនិយាយទៅកាន់សាស្រ្តចារ្យ និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យមួយ ខ្ញុំថា លោកសាស្រ្តាចារ្យ មិនគួរត្រូវបង្រៀនសិស្សឲ្យយល់បែបនេះទេ ខ្ញុំមិនជឿថា អាមេរិក និងចិន វៃគ្នានោះទេ ប្រទេសទាំង២ នឹងមានយុទ្ធការសម្របសម្រូល ពីព្រោះ ប្រទេសទាំង២ មានផលប្រយោជន៍បំពេញឲ្យគ្នាទៅវិញទៅមក ហើយប្រសិនបើអាមេរិកចង់ធ្វើសង្រ្គាម ក៏ចិនមិនធ្វើជាមួយដែរ ដូចនេះចិននៅតែ ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន ចឹងទេ ការពិតរយៈពេលមិនទាន់ដល់១០០ថ្ងៃ រយៈពេលទំនាក់ទំនងចិន អាមេរិក នៅតែជាទំនាក់ទំនង ពាណិជ្ជកម្មល្អ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា អាស៊ាន និងសមាជិកអាស៊ាន មិនត្រូវទុកខ្លួន ធ្វើជាស្មៅសម្រាប់ដំរីជាន់ទេ ពីព្រោះអាស៊ានជាតួអង្គ សម្របសម្រួលរាប់ទាំងពេលប្រជុំអាស៊ានម្តងៗ ទាំងមហាអំណាចចិនទាំងមហាអំណាចអាមេរិក មកចូលរួមប្រជុំរាប់ទាំងមកប្រជុំ នៅកម្ពុជា ដែលកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០១២ផងដែរ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖