(ភ្នំពេញ)៖ តារាសម្ដែងកំពុងតែបោះជំហានសន្សឹមៗ លើមាគ៌ាសិល្បៈ កញ្ញា លី ឌីណា បានសម្ដែងក្ដីរំពឹងថា ខ្លួននឹងមានទីផ្សារការងារសិល្បៈស្ទុះឡើងវិញ តាមរយៈការបង្ហាញវត្តមាន ក្នុងរឿងថ្មី មានចំណងជើងថា «ពស់កេងកង» ដែលនាងបានសម្ដែងជាតួអង្គដ៏សំខាន់ម្នាក់ ដែលនឹងធ្វើឲ្យផលិតករ និងទស្សនិកជន ចាប់អារម្មណ៍ខ្លាំង។
ស្រីស្រស់ លី ឌីណា បានថ្លែងថា រឿងប្រភេទបុរាណរឿង«ពស់កេងកង» នឹងធ្វើឲ្យមានការកត់សម្គាល់ ចំពោះស្នាដៃរបស់ខ្លួនកាន់តែខ្លាំង បើទោះជាក្នុងរឿងនេះ នាងមិនបានសម្ដែងជាតួឯកក្នុងរឿងមុនៗ។ ការសម្ដែងក្នុងរឿងភាគនេះ ខ្លួនមានមោទនភាព ហើយនាងមានការតែការសប្បាយចិត្ត ដែលត្រូវបានជ្រើសអោយសម្ដែងជាតួអង្គសំខាន់ម្នាក់ ក្នុងរឿង«ពស់កេងកង»បើទោះជានាងត្រូវគេកត់សម្គាល់ថា បានធ្លាក់ខ្លួនទៅសម្ដែងជាតួម្ដាយក៏ដោយ។ ប៉ុន្តែខ្លួនអត់ប្រកាន់រឿងសម្ដែងនោះទេ ទោះជាត្រូវឲ្យសម្ដែងជាតួឯក តួរង និងតួអ្វីក្នុងរឿងអ្វីក៏ដោយ នាងយល់ថាសមស្របអាចសម្ដែងបាន។
ជាការពិត ក្នុងភាពយន្តភាគរឿង «ពស់កេងកេង» ដែលផលិតដោយទូរទស្សន៍ PNN ជាមួយនឹងផលិតកម្មមួយ តារាសម្ដែងកំពុងឡើងកូដ កញ្ញា លី ឌីណា ក៏មានឈ្មោះបានសម្ដែងជាតួអង្គសំខាន់ម្នាក់ នៅក្នុងរឿងនោះ។ នាងត្រូវគេឲ្យសម្ដែងជាតួប្រពន្ធសេដ្ឋី និងមានប្លង់មួយ ដែលប្រាប់ថាធ្វើអោយនាងមើលឃើញ ពីការឈឺចាប់ដែលនាង មិនទាន់បានឆ្លងកាត់។
តារាសម្ដែងដែលត្រូវបានគេស្គាល់ជាទូទៅ តាមរយៈការសម្ដែងជាតួឯកក្នុងរឿង «ឋានសួគ៌វណ្ណៈ» ប្រចាំនៅប៉ុស្ដិ៍លេខ៥រូបនេះ និយាយថាជាលើកទី១ ដែលនាងត្រូវបានផលិតករ ឲ្យសម្ដែងជានារីប្រសូត្រកូន ដោយការសម្ដែងរបស់នាងធ្វើឲ្យនាងស្រម៉ៃនឹកដល់ការឈឺចាប់ ពិតៗជាក់ស្ដែងតែម្ដង ទម្រាំតែនាងអាចសម្ដែងបានត្រូវ។ ខ្លួនត្រូវតម្រូវឲ្យសម្ដែងឲ្យសមនឹងពេលប្រសូត្រកូន ដោយសូម្បីតែការស្រែក ការបញ្ចេញទឹកមុខ និងបែកញើសប៉ុនៗគ្រាប់ពោតជាដើម ក៏ត្រូវតែធ្វើឲ្យត្រូវនោះដែរ។ លី ឌីណា បានសង្កត់ធ្ងន់ថា ពីមុននាងដឹងត្រឹមតែថា ការសម្រាលកូនជារឿងពិបាក ប៉ុន្តែលុះបានសម្ដែងមួយរឿងក្នុងរឿង«ពស់កេងកង» ទើបយល់កាន់តែច្បាស់ថា ការសម្រាលកូនគឺរឿងវេទនា មិនខុសពីការហែលឆ្លងទន្លេដ៏ធំមួយនោះឡើយ៕