(ភ្នំពេញ)៖ លោស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានពន្យល់ណែនាំ ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ ប្រាក់រៀលខ្មែរ ដោយលោកស្រីបញ្ជាក់ថា «ការប្រើប្រាស់ប្រាក់រៀលផ្ដល់ប្រយោជន៍ និងសារៈសំខាន់ខ្លាំងណាស់ដល់សង្គម និងសេដ្ឋកិច្ចជាតិ»។
ការថ្លែងរបស់លោកស្រី ទេសាភិបាលរងនេះធ្វើឡើង ក្នុងកម្មវិធី «អបអរសាទរការដាក់ ឲ្យចរាចរប្រាក់រៀលឡើងវិញលើកទី៣៧» នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ក្នុងសាកលវិទ្យាល័យនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ដោយមានការចូលរួមពីសំណាក់មន្ដ្រីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោកស្រី នាវ ច័ន្ទថាណា បានថ្លែងឲ្យដឹងថា ចំពោះផ្នែកសេដ្ឋកិច្ច ប្រាក់រៀលពង្រឹងប្រសិទ្ធភាព នៃការអនុវត្តគោលនយោលបាយរូបិយវត្ថុ និងគោលនយោបាយអត្រាប្ដូរប្រាក់ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ និងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចទាំងមូល។ នៅក្នុងវិស័យ ពាណិជ្ជកម្ម ការប្រើប្រាស់ប្រាក់រៀលតែមួយ ជួយកាត់បន្ថយចំណាយប្រតិបត្តិការ ដូចជាការប្ដូរប្រាក់សម្រាប់ដោះដូរក្នុងស្រុក កាត់បន្ថយហានិភ័យពីការបាត់បង់ ដោយសារការប្រែប្រួលអត្រាប្ដូរប្រាក់ និងសម្រួលការកំណត់ថ្លៃដោះដូរតែមួយ ដែលធ្វើឲ្យដែលធ្វើឲ្យការដោះដូរ ប្រព្រឹត្តិទៅងាយស្រួល និងឆាប់រហ័ស។
លោកស្រីបន្ដទៀតថា «ការប្រើប្រាស់ប្រាក់រៀល ចូលរួមចំណែកជំរុញការវិនិយោគ និងកាបង្កើតការងារ តាមរយៈឥតទ្ធិពល នៃគោលនយោលបាយ រូបិយបត្ថុ លើការបន្ទាបអាត្រាការប្រាក់ទីផ្សារ ដែលជាកត្តាកំណត់និន្នាការ នៃកម្ចីសម្រាប់ការវិនិយោគ និងផលិតកម្ម និងឈានទៅជំរុញឲ្យមានការបង្កើតការងារ»។
ការប្រើប្រាស់ប្រាក់រៀល និងបង្កើតឲ្យនឹងធ្វើឲ្យប្រទេសយើងទទួលបានប្រាក់ចំណូល ពីការបោះពុម្ភ និងស្រូបយកនូវរូបិយប័ណ្ណ ដើម្បីគរពូនជាទុនបម្រុង សម្រាប់ពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិន មកលើសេដ្ឋកិច្ចកម្ពុជា។ ហើយអ្វីដែលសំខាន់ជាងនេះ ទៀតនោះគឺ រាជរដ្ឋាភិបាលអាចអភិវឌ្ឍទីផ្សារ សញ្ញាប័ណ្ណចារឹក ជាប្រាក់រៀលដ៏រឹងមាំមួយ ដើម្បីគាំទ្រ ការផ្ដល់ហិរញ្ញប្បទាន ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយបំណុលពីបរទេស តាមរយៈការកៀងគរ មូលនិធិពីសាធារណជន។
ជាមួយគ្នានោះលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងគាំទ្រនូវការចរាចរណ៍ប្រាក់រៀល ព្រោះប្រាក់រៀល ជារូបិយវត្ថុជាតិរបស់កម្ពុជា និងបានដើរតួនាទីសំខាន់ ក្នុងការពង្រឹងអត្តសញ្ញាណជាតិ មោទនភាពជាតិ និងអធិបតេយ្យសេដ្ឋកិច្ចជាតិ។
លោកថា «ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល នេះខ្ញុំយល់ថា ការអនុវត្តគោលនយោលបាយ លើកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាលំដាប់ ដោយផ្អែកលើយន្ដការទីផ្សារ និងការថែរក្សាស្ថិរភាពអត្រាប្ដូរបា្រក់ ដែលធនាគារនៃកម្ពុជាអនុវត្តកន្លងមក គឺជាគន្លឹងដ៏ប្រសើរ ក្នុងការរក្សាជំនឿទុកចិត្តរបស់អ្នកវិនិយោគ»។
លោកបន្ដថា «ទៅថ្ងៃខាងមុខខ្ញុំយល់ថា ប្រាក់រៀលនឹងត្រូវប្រើប្រាស់កាន់តែច្រើនឡើងៗ ដោយសារមានការចូលរួមគាំទ្រ យ៉ាងមុតមាំពីសំណាក់រាជរដ្ឋភិបាលកម្ពុជា»៕