(រតនគិរី)៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ សាលាដំបូងខេត្តរតនគិរី បានប្រារព្ធពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រោមវត្តមានលោក ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌​ តំណាងលោក អង្គ វង្សវឌ្ឍនា និងលោកស្រី កែវ សាវឿន អភិបាលស្តីទីខេត្តរតនគិរី។

ពិធីនេះក៏មានការចូលរួមថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុក-ក្រុងទូទាំងខេត្តរតនគិរី និងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។
 
យោងតាមព្រះរាជក្រឹត្យ លោក លាវ ស្រេង ព្រះរាជអាជ្ញាខេត្តរតនគិរី ត្រូវផ្ទេរទៅកាន់តំណែងព្រះរាជអាជ្ញាខេត្តកណ្តាល រីឯលោក ជា ពេជ្រ ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង មកកាន់តំណែងព្រះរាជអាជ្ញាខេត្តរតនគិរីជំនួសវិញ។

លោក លាវ ស្រេង បានអានរបាយការណ៍សង្ខេបក្នុងអាណត្តិរបស់លោក ហើយក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត  ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ដែលបានសហការណ៍ជាមួយ៕