(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទូចស្នើឱ្យ អង្គការពាណិជ្ជកម្មអន្តរជាតិ (WTO) ទទួលយកប្រទេសទីម័រឡេស ធ្វើជាសមាជិក បន្ទាប់ពីពិនិត្យឃើញថា ស្ថានភាពប្រទេសនេះ មានលក្ខណៈល្អប្រសើរដូចទៅនឹងប្រទេសកម្ពុជាដែរ។
ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំតុមូលចិន លើកទី៥ ស្តីពីការចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅសណ្ឋាគារសុខា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ។
ជាមួយនឹងការអំពាវនាវឱ្យទទួលយកប្រទេសទីម័រឡេសជាសមាជិកនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីម័រឡេសបច្ចុប្បន្ននេះ ស្ថានភាពល្អប្រសើរជាងពេលដែលកម្ពុជា ចូលជាសមាជិក WTO ហេតុអ្វីបានជាត្រូវរាំងស្ទះ ទីម័រឡេស ចូល WTO»។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យ អ្នកដែលចូលជាសមាជិក WTO មុនមានការយោគយល់ដល់ អ្នកដែលទៅតាមក្រោយ។ សម្តេចតេជោ ហ៊ុន សែន អះអាងថា កាលពីគ្រាមុន គេមិនទុកចិត្តកម្ពុជានោះទេ ប៉ុន្តែពេលនេះ កម្ពុជាអាចធ្វើបាន និងចូលជាសមាជិក WTO៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖