(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា កម្ពុជាបច្ចុប្បន្នបានក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាប ដែលចំណូលរបស់ប្រជាពលរដ្ឋ បានកើនដល់ប្រមាណជាង១៣០០ដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៦។
ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំតុមូលចិន លើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅសណ្ឋាគារសុខា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងឆ្នាំ២០១៦ កំណើតសេដ្ឋកិច្ចប្រទេសកម្ពុជា បានសម្រេចក្នុងរង្វង់៧ភាគរយ ហើយចំណូលរបស់ប្រជាជនម្នាក់ៗ បានកើនដល់ប្រមាណជាង១៣០០ដុល្លារសហរដ្ឋអាមេរិក ដែលបានផ្លាស់ប្តូរស្ថានភាពពីឋានៈកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្រ មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប»។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបានប្រែក្លាយពីសង្រ្គាមស៊ីវិល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចពីបាតដៃទទេនៅក្នុងឆ្នាំ១៩៧៩ ដែលប្រជាជនមាន ចំណូលដុលប្រចាំឆ្នាំត្រឹមតែ ៣០០ដុល្លា ក្នុងមនុស្សម្នាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ រហូតក្លាយជាប្រទេស ដែលមានមានចំណូលដុលប្រចាំឆ្នាំចំនួន ១០៧០ដុល្លាអាមេរិក ក្នុងមនុស្សម្នាក់ក្នុង ឆ្នាំ២០១៥ មានកំណើនសេដ្ឋកិច្ចគិតជាមធ្យមក្នុងរង្វង់ ៧.៧% ចន្លោះពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៤។
សេដ្ឋកិច្ចកម្ពុជា ត្រូវបានគេរំពឹងថា នឹងមានកំណើនប្រមាណ៧% ក្នុងមួយឆ្នាំៗ។ កំណើនសេដ្ឋកិច្ចនេះ នឹងធ្វើឱ្យចំណូលប្រចាំឆ្នាំរបស់ ប្រជាពលរដ្ឋខ្មែរ កើនឡើងជាលំដាប់។ ប្រទេសកម្ពុជា មានចក្ខុវិស័យចង់ក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ៕