(ភ្នំពេញ)៖ សមាគមទន្តពេទ្យកម្ពុជា សហការជាមួយសហព័ន្ធន៍ទន្តពេទ្យពិភពលោក (FDI World Dental Federation) និងថ្នាំដុសធ្មេញ ស៊ីកណល របស់ក្រុមហ៊ុន យូនីលីវើ នៅថ្ងៃទី២០ ខែមីនានេះ ២០១៧ បានប្រារព្ធទិវាសុខភាពមាត់ធ្មេញពិភពលោក ២០មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ការរស់នៅជាមួយសុខភាពមាត់ធ្មេញល្អ ជាជំរើសដ៏ឆ្លាតវៃ» ក្រោមអធិបតីភាព ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងអ្នកចូលរួមប្រមាណ១,០០០នាក់។
លោករដ្ឋមន្ត្រីម៉ម ប៊ុនហេងថ្លែងថា «ដោយសារបញ្ហាមាត់ធ្មេញនេះ ជាបញ្ហាមួយ បង្កឡើងដោយកត្តាផ្សេងៗជាច្រើន ហើយ ជាពិសេស វាពាក់ព័ន្ធដល់ឥរិយាបថ ទម្លាប់ និងការប្រព្រឹត្ត តៗគ្នា រាប់សិបឆ្នាំមកហើយនោះ ធ្វើឲ្យការដោះស្រាយបញ្ហាមាត់ធ្មេញនេះ ទាមទារឲ្យមានការអនុវត្ត ជាដំណាក់កាលៗ ក្នុងរយៈពេលវែង ជាមួយនឹងការចូលរួម ពីសំណាក់ប្រជាជន ស្ថាប័នឯកជន និងដៃគូពាក់ព័ន្ធផ្សេងៗទៀត»។
ការសិក្សាស្រាវជ្រាវកន្លងមកបានលើកឡើងថា ក្រៅពីប៉ះពាល់ដល់លទ្ធភាពទទួលទានអាហារ និងបញ្ហាសម្រស់ សុខភាពមាត់ធ្មេញក៏អាចបង្កឲ្យមានជំងឺផ្សេងៗជាច្រើន ហើយជំងឺរ៉ាំរ៉ៃប្រមាណ៨០% ចាប់ផ្តើមឡើងដោយសារសុខភាពមាត់ធ្មេញមិនល្អ ហើយការសិក្សាស្រាវជ្រាវក៏បានបង្ហាញដែរថា ជាង៩០% នៃកុមារអាយុ ៦ ឆ្នាំ និង ៨០% នៃក្មេងអាយុពី១២ ដល់១៣ឆ្នាំមានជំងឺពុកធ្មេញ ។ បញ្ហារោគពុកធ្មេញ បង្កទ្បើងដោយចំណីអាហារដែលយើងបរិភោគ ជាពិសេសអាហារដែលមានជាតិផ្អែមឬជាតិស្ករ ដូច្នេះដើម្បីការពារ និងកាត់បន្ថយរោគពុកធ្មេញ ទម្លាប់ដុសធ្មេញយ៉ាងតិច២ដង ក្នុង១ថ្ងៃ ជាមួយថ្នាំដុសធ្មេញដែលមានជាតិហ្វ្លអរ៉ាយ ពិសេសក្រោយពេលញុំាអាហារ ជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព បើតាមការបញ្ជាក់ពីឪពុកម្តាយ ក្នុងចំណោមក្មេង ២៨៤ នាក់ មាន ៥៥% ដែលដុសធ្មេញមួយថ្ងៃ១ ដង ហើយចំនួន ៣៩% ទៀតដែលមានទម្លាប់ដុសធ្មេញ ២ ដងក្នុងមួយថ្ងៃ។
លោករដ្ឋមន្ដ្រីបន្ដថា ដូចបណ្តាប្រទេសផ្សេងៗដែរ ប្រទេសកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោហ៊ុន សែន ដែលមាន ក្រសួងសុខាភិបាលទទួលបន្ទុក បានយកចិត្តទុកដាក់ជាខ្លាំង ចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយក្នុងនោះសុខភាពមាត់ធ្មេញជាបញ្ហាសំខាន់។ ក្រសួងសុខាភិបាល នឹងបន្តប្រឹងប្រែង ធ្វើឲ្យកាន់តែប្រសើរទ្បើង ជាមួយនឹងការលើកទឹកចិត្ត និងបន្តចូលរួមជាមួយវិស័យឯកជន ដើម្បីលើកកម្ពស់វិស័យទន្តសាស្ត្រនៅកម្ពុជា។
ទន្តបណ្ឌិត កោ ហុកស៊ីម ប្រធានសមាគមទន្តពេទ្យកម្ពុជា បានឲ្យដឹងផងដែរថា«ជាលើកទីបីហើយ ដែលសមាគមទន្តពេទ្យកម្ពុជា បានចូលរួមជាមួយបណ្ដាប្រទេសជាច្រើនទៀត ក្នុងពិភពលោក ក្នុងការប្រារព្ធទិវាសុខភាពមាត់ធ្មេញនេះទ្បើង ដែលត្រូវបានរៀបចំទ្បើងក្នុងបំណង បង្កើនការយល់ដឹងអំពីសារសំខាន់របស់សុខភាពមាត់ធ្មេញ ទំនាក់ទំនងយ៉ាងស៊ីជម្រៅ និងផលប៉ះពាល់របស់វាដល់សុខភាពទូទៅ និងគុណភាពជីវិត ហើយប្រធានបទក្នុងឆ្នាំនេះជាការដាស់តឿន និងបង្កើនការចាប់អារម្មណ៍ ដល់សាធារណជនឲ្យរស់នៅប្រកបដោយភាពឆ្លាតវៃ ក្នុងការជ្រើសរើសសុខភាពល្អសម្រាប់ខ្លួនឯង តាមរយៈការយល់ដឹង និងចាប់ផ្តើមពីទម្លាប់អនាម័យមាត់ធ្មេញល្អ តាំងពីក្មេងទៅ និងមានការពិនិត្យបញ្ហាមាត់ធ្មេញឲ្យទៀងទាត់ ជាមួយទន្តបណ្ឌិត ដើម្បីជៀសផុតពីការឈឺចាប់រាងកាយ និងផ្លូវចិត្ត ដែលបង្កដោយជំងឺនៅក្នុងប្រអប់មាត់ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត»។
សមាគមទន្តពេទ្យកម្ពុជា ក៏បានរៀបចំជាយុទ្ធនាការអប់រំសុខភាពមាត់ធ្មេញដល់សិស្សានុសិស្សចំនួន៥៩៧៧នាក់ និងលោកគ្រូអ្នកគ្រូចំនួន២៥០នាក់ នៅវិទ្យាល័យសាមគ្គី ក្នុងរាជធានីភ្នំពេញ និងដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ និងព្រះសង្ឃ ចំនួន២,០០០នាក់ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងចំនួន១,០០០នាក់ នៅស្រុកទឹកឈូ ខេត្តកំពត។ ជាមួយគ្នានេះដែរ សមាគមទន្តពេទ្យកម្ពុជា បានសំណូមពរដល់មន្ទីរព្យាបាលធ្មេញ និងគ្លីនិកធ្មេញនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានា ដើម្បីធ្វើការណែនាំ អំពីរបៀបដុសសម្អាតធ្មេញដែលត្រឹមត្រូវ ធ្វើការពិនិត្យនិងសម្អាតធ្មេញដោយឥតគិតថ្លៃ ដល់អតិដិជនរបស់ខ្លួន នៅថ្ងៃ២០មីនា នេះផងដែរ។
ទន្តបណ្ឌិត បន្ថែមទៀតថា ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីការអប់រំនិងថែទាំសុខភាពមាត់ធ្មេញ ដល់ប្រជាជនកម្ពុជា សមាគមទន្តពេទ្យកម្ពុជា បានរៀបចំបោះពុម្ពជាសៀវភៅ និងផ្ទាំងរូបភាពអប់រំ និងថែទាំសុខភាពមាត់ធ្មេញ ជាភាសាខ្មែរចំនួន២០,០០០ក្បាល ដើម្បីចែកជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ។
លោក Fredy Ong អភិបាលក្រុមហ៊ុន យូនីលីវើប្រចាំប្រទេសកម្ពុជា និងឡាវ បានថ្លែងដែរថា ចក្ខុវិស័យរបស់ក្រុមហ៊ុនគឺជួយលើកកម្ពស់សុខភាពមាត់ធ្មេញរបស់កុមារ និងឪពុកម្ដាយចំនួន ១០០ លាននាក់ទូទាំងពិភពលោក ត្រឹមឆ្នាំ២០២០ តាមរយៈការអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសុខភាពមាត់ធ្មេញ ។
ក្នុងការប្រារព្ធទិវានេះផងដែរ ក្រុមហ៊ុនយូនីលីវើបានបរិច្ចាកថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញចំនួន ១ ម៉ឺនឈុត ដល់សមាគមទន្តពេទ្យកម្ពុជា ដែលនៅថ្ងៃតែមួយនោះ បានយកទៅចែកចាយបន្តដល់សាលារៀនមួយចំនួន នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកំពត ក៏ដូចជាមានការពិនិត្យសុខភាពមាត់ធ្មេញថែមទៀតផង៕