(ភ្នំពេញ)៖ អត្ថបទចំណងជើងថា «ប្រការ ៤៧ នៃលក្ខន្តិកៈ របស់គណបក្សសង្គ្រោះជាតិកំណត់ថា តើសមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានថ្មីនៃគណ បក្សសង្គ្រោះជាតិ ខុសច្បាប់ ឬត្រូវច្បាប់» ដែលបក្សីចាំក្រុងបានសរសេរចុះផ្សាយនៅលើសារព័ត៌មាន បានធ្វើឱ្យ ក្រុមមន្ត្រីបក្សព្រះអាទិត្យគ្រប់ជាន់ថ្នាក់ រួមទាំងអ្នកយុទ្ធសាស្ត្ររបស់បក្សនេះផង ភ័យស្លន់ស្លោរ ព្រោះតែបក្សីចាំក្រុង លើកចំចំណុចរសើប និងជា ចំណុចខ្សោយរបស់បក្សនេះ។
ដោយសារតែអំនួត និងការប្រមាថច្បាប់ ធ្វើឱ្យអ្នកយុទ្ធសាស្ត្រមួយចំនួនរបស់បក្សព្រះអាទិត្យ មើលមិនឃើញថា បក្សីនេះ កំពុងត្រដាងស្លាប ជូនកាដូដ៏តូចមួយជូនបន្ទាយព្រះអាទិត្យដែលកំពុងក្តៅក្រហាយ ដោយកំដៅរបស់ខ្លួនឯង ដោយបក់នាំយកខ្យល់ចូលក្នុងបន្ទាយ ដើម្បីឱ្យមេទ័ព និងកូនទ័ពទាំងឡាយនៅក្នុងបន្ទាយអាចដកដង្ហើមធំបានខ្លះ។ ថ្ងៃនេះបក្សីចង់ធ្វើជាព្រាបសវិញម្តងដោយនាំយកសារមួយចំនួនមកបញ្ជាក់ ដែល តាមរយៈសារព័ត៌មាន Fresh News ផ្សាយជូនទាំងស្រុងដូចខាងក្រោម៖
១៖ បក្សីចាំក្រុងបានខិតខំស្រាវជ្រាវរកឯកសារពីសំណាក់នានា ដើម្បីធ្វើការវិភាគលេងៗនូវប្រការ ៤៧ នៃគម្ពីរព្រះត្រៃបិដករបស់បក្សព្រះអាទិត្យ ដើម្បីជូនសាធារណជនបានយល់អំពីខ្លឹមសារនៃប្រការនេះម្យ៉ាង និងម្យ៉ាងទៀត ដើម្បីនាំគ្នាពិនិត្យថា តើការបើកកិច្ចប្រជុំធំមិនធម្មតា ដែលគេហៅ សមាជវិសាមញ្ញ ឬសមាជមិនប្រក្រតីជ្រើសរើសមេទ័ពធំ និងមេទ័ពរងចំនួន៣រូប កាលពីថ្ងៃទី០២ ខែមីនា គ្រឹស្តសករាជ ២០១៧ កន្លងទៅ គឺខុសទៅនឹងក្បួនតម្រារបស់បក្ស ឬទេ? ពាក្យវិសាមញ្ញ គឺខុសពីសាមញ្ញ ហើយក៏សំដៅទៅរកពាក្យខ្មែរយើងថា មិនធម្មតា ហើយបើមិនធម្មតា ក៏មានន័យថា មិនប្រក្រតីដែរ។
២៖ អ្នកចេះដឹង គឺនិយាយពីហេតុផល មិននិយាយពីកម្លាំងទេ។ ល្បង សូរ សមយុទ្ធ ដែលជាទីប្រឹក្សា ខាងយុទ្ធសាស្រ្តរបស់មេទ័ពធំថ្មី នៃបក្សព្រះអាទិត្យ ក៏ប្រហែលជាមនុស្សចេះដឹងម្នាក់ដែរ និងអាចយល់ច្បាស់អំពីតម្លៃដ៏ខ្ពង់ខ្ពស់ នៃលក្ខន្តិកៈរបស់គណបក្សមួយ និងអានុភាពនៃច្បាប់!
៣៖ នគរមានច្បាប់ គ្រួសារមានវិន័យ ដូចនេះ និយាយស្តី គួរតែមើលក្បួនតម្រា។ លក្ខន្តិកៈរបស់បក្ស គឺដូចជាគម្ពីរព្រះត្រៃបិតកនៃនិកាយ របស់ខ្លួនដូច្នេះដែរ។ អ្វីដែលបក្សព្រះអាទិត្យ បានរៀបចំក្រោយការលាលែងរបស់មេទ័ពធំ គឺមានចំណុចខុសទៅនឹងក្បួនតម្រា ដែលមានចារក្នុង គម្ពីរព្រះត្រៃបិតករបស់ខ្លួន។
៤៖ ល្បង សូរ សមយុទ្ធ បានសរសេរក្នុងចំណុចទី ២ ថា គណៈកម្មាធិការនាយករបស់បក្សព្រះអាទិត្យ បានប្រជុំហើយប្រើប្រការ ៤៧ មានន័យថា ទទួលយកការលាលែងរបស់ប្រធានចាស់ អបអរគាំទ្រប្រធានថ្មី។ តាមពិត បើខ្ញុំជាល្បង ក៏ត្រូវអបអរគាំទ្រប្រធានថ្មី ហើយតាមចិត្ត ត្រូវជប់លៀងឱ្យផ្អើលមេឃផ្អើលដីម្តង ព្រោះបើតាមប្រការ ៤៧ ត្រេទី ១ ប្រធានស្តីទីដែលទទួលស្គាល់ដោយគណៈកម្មាធិការនាយកនេះ ត្រូវមានបុព្វសិទ្ធិប្រធានបក្ស ហើយគម្ពីរព្រះត្រៃបិដកត្រង់ចំណុច ត្រេទី១នេះ បានប្រគល់សិទ្ធិឱ្យមេទ័ពធំស្តីទីមានបុព្វសិទ្ធិដូចមេទ័ពធំ ដឹកនាំបក្សរហូតដល់ចប់អាណត្តិ គឺនៅខែមេសា ឆ្នាំ២០១៨ ឯណោះ។ ដូចនេះ មិនអាចរើសអ្នកណាមកជំនួសបានឡើយបើហ៊ានធ្វើ គឺប្រាកដជាខុសក្បួន! គណៈកម្មាធិការនាយកនៃបក្សព្រះអាទិត្យ ក៏ធ្វើខុសក្បួនតម្រាលើចំណុចមួយទៀត ព្រោះក្បួន តម្រូវឱ្យគណៈកម្មាធិការនាយក ត្រូវជ្រើសរើសអនុប្រធានបក្សមួយរូប ដើម្បីជួយការងារប្រធានស្តីទី ដើម្បីដឹកនាំបក្សរហូតដល់ចប់អាណត្តិ។ ប៉ុន្តែ រឿងនេះមិនបានធ្វើ។ ក្បួននៅតែជាក្បួន! ក្បួននៅតែជាព្រលឹងរបស់បក្ស! ក្បត់ក្បួន គឺក្បត់ព្រលឹងខ្លួនឯង!
៥៖ ដល់ពេលថ្ងៃប្រជុំធំមិនធម្មតាថ្ងៃទី០២ ខែមីនា គស២០១៧ នាំគ្នាក្បត់ប្រការ៤៧ ម្តងទៀត ដោយជ្រើសរើសមេទ័ពធំថ្មីមួយរូប និងមេទ័ពធំរងបីរូប។ បើជាអ្នកចេះដឹងនិយាយពីហេតុផលមែន គួរណាស់តែយកប្រការ ៤៧ មកអាន ហើយរៀនយល់អំពីខ្លឹមសារម្តងទៀត។ ការជ្រើសរើសមេទ័ពធំថ្មី និងមេទ័ពធំរងថ្មី តាមការប្រជុំធំមិនធម្មតា ឬហៅថា សមាជវិសាមញ្ញ គឺអាចធ្វើបានតែតាមប្រការ ៤៧ ត្រេទី២ ប៉ុណ្ណោះ ពោលគឺ នៅពេលដែលមេទ័ពធំលាលែងពីតំណែង នៅពេលអាណត្តិនៅសល់លើស ១៨ ខែប៉ុណ្ណោះ។ បើចារក្នុងក្បួនតម្រារបស់ខ្លួនឯង ច្បាស់ដល់ម្លឹង ហេតុអីក៏នាំគ្នាធ្វើបំពាន! គួរឱ្យស្តាយ គួរឱ្យស្តាយមែន! ប៉ុន្តែ នគរមានច្បាប់ ព្រោះមេសំណាក់ដែលរ៉ាប់រងក្បួនតម្រារបស់បក្សនានា មិនទាន់បានឆ្លើយតបទទួលស្គាល់តាមផ្លូវច្បាប់ជាផ្លូវការចំពោះមេទ័ពធំថ្មី និងមេទ័ពធំរងថ្មីនៃបក្សព្រះអាទិត្យនៅឡើយទេ។
៦៖ ជាការពិត សមាជ គឺជាស្ថាប័នខ្ពស់ជាងគេរបស់បក្សព្រះអាទិត្យ ប៉ុន្តែ សមាជត្រូវប្រព្រឹត្តទៅ និងសម្រេចអ្វីក្នុងក្របខណ្ឌដែលមានចារទុក ក្នុងលក្ខន្តិកៈប៉ុណ្ណោះ។ លក្ខន្តិកៈកំណត់យកអនុប្រធានតែម្នាក់ទេ ដូចនេះ ដើម្បីតម្រូវតាមនយោបាយក្នុងការធានតុល្យភាពក្នុងបក្ស ដោយដាក់អនុប្រធាន៣រូប ដូចនេះសមាជត្រូវកែលក្ខន្តិកៈសិន មិនអាចក្បត់លក្ខន្តិកៈបាននោះទេ។ បើថា សមាជអាចធ្វើអ្វីបានតាមចិត្ត នោះក៏មិនចាំបាច់កែលក្ខន្តិកៈ ប្រការ ៤៥ និងប្រការ ៤៧ ផង។ ពាក្យចាស់ លោកពោលថា ចេះឯង ឱ្យក្រែងចេះគេ!
៧៖ បក្សីសុំធ្វើជាព្រាបសម្តងចុះ ! បក្សមួយដែលមិនមានប្រធាន ហើយត្រូវបានទទួលស្គាល់ជាផ្លូវការថា មានត្រឹមប្រធានស្តីទីនោះក៏អាចធ្វើឱ្យ បក្សនេះរលាយបានដែរ បើហួសរយៈពេល ៩០ ថ្ងៃគិតពីថ្ងៃច្បាប់ស្តីពីគណបក្សនយោបាយថ្មីចូលជាធរមាន។ ដូចនេះ ដើម្បីសង្រ្គោះបក្សជាថ្មី ដូចអ្វីដែលលោក សម រង្ស៊ី មេទ័ពធំចាស់បានធ្វើកន្លងមក លោកមេទ័ពធំស្តីទី គួរតែហ៊ានលះបង់ម្តង ដើម្បីអាចបើកផ្លូវឱ្យយកប្រការ ៤៧ ថ្មី ត្រេទី ១ មកអនុវត្ត! ប៉ុន្តែ បក្សីជឿជាក់ដោយគ្មានការសង្ស័យថា កឹម សុខា ពិតជាមិនព្រមលាលែងនោះទេ ព្រោះមហិច្ឆតានយោបាយពិតប្រាកដ គឺចង់ប្រែក្លាយបក្សព្រះអាទិត្យឱ្យទៅជាបក្សដែលមានពណ៌លឿង។ ចាត់ទុកថា នេះក៏ជាឱកាសសម្រាប់ក្រុម សម រង្ស៊ី ដើម្បីតេស្តមើលជំហរ នយោបាយរបស់ កឹម សុខា ផងដែរ ថា តើហ៊ានលាលែងដើម្បីសង្រ្គោះបក្សដែរ ឬទេ? បើមិនលាលែងមិនមែនមិនហ៊ាននោះទេ ប៉ុន្តែ ខ្លាចបាត់ឱកាសលេបយកបក្សប៉ុណ្ណោះ!
៨៖ ល្បង សូរ សមយុទ្ធ គំរាមប្រើកម្លាំងប្រជាជន តើពិតជាហ៊ានមែន ឬ? បើព្រហើនប្រើកម្លាំងប្រជាជនប្រឆាំងនឹងច្បាប់ គឺមានន័យស្មើនឹង ការធ្វើអត្តឃាតនយោបាយ។ យកល្អ កុំអីល្បង សូរ សមយុទ្ធ! កុំប្រមាថច្បាប់! អំនួតនេះ នាំគ្រោះធំដល់បក្សវិញទេ! ផ្លូវរស់មិនទៅ ហេតុអីទៅរើស ផ្លូវស្លាប់! ឋានសួគ៌ាមានផ្លូវ បែរជាមិនទៅហេតុអីចង់រកផ្លូវទៅជួបយមរាជទៅវិញ។ មិនល្អលេងទេ មិនល្អលេងទេ! បក្សីត្រដាងស្លាប គ្រាន់តែចង់ បក់ឱ្យខ្យល់ត្រជាក់បន្តិចបន្តួចពេលអាកាសធាតុក្តៅក្រហាយក្នុងបន្ទាយព្រះអាទិត្យ ស្រួលដកដង្ហើមធំបន្តិច។ បក្សព្រះអាទិត្យ គួរបើកកិច្ចប្រជុំ រកអ្នកច្បាប់មកពិនិត្យវិភាគលើលក្ខន្តិកៈរកមើលផ្លូវរស់ឡើងវិញ! យោបល់ដ៏តូចមួយនេះ បើមិនទទួលយក បំភ្លេចចោលទៅ ! អត់មានខាតបង់អីទេ! តែចាត់ទុកថា ជាដំណក់ទឹក នៅពេលស្រេកទៅចុះ! អំនួតខុសក្បួន គឺជាការប្រមាថច្បាប់ ដែលអាចនាំទៅដល់សេចក្តីវិនាស! សង្ឃឹមថា អ្នកចេះដឹង នឹងនិយាយអំពីហេតុផល !
ដោយ៖ បក្សីចាំក្រុង