(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារ ចុះជួយស្រុកពញាក្រែក បានចំណាយប្រាក់ផ្ទាល់ខ្លួន ១ម៉ឺនដុល្លារ ចូលរួមសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងជំរុញឲ្យមន្រ្តីថ្នាក់មូលដ្ឋាន បង្កើនសកម្មភាពចុះដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ ឲ្យកាន់តែខ្លាំងថែមទៀត។
ទីស្នាក់ការបក្សថ្មីនេះ ត្រូវបានលោករដ្ឋមន្រ្តី វង សូត ដឹកនាំក្រុមការងារប្រារព្ធពិធីបញ្ចុះបឋមសិលា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ព្រមទាំងសកម្មភាពចែកអំណោយជូនប្រជាពលរដ្ឋ នៅទីនោះផងដែរ។
ទីស្នាក់ការនេះមានផ្ទៃដី បណ្ដោយ១០៥ម៉ែត្រ និងទទឹង៣៨ម៉ែត្រ ដែលត្រូវចំណាយថវិកា៥ម៉ឺនដុល្លារ ក្នុងនោះថវិកាផ្ទាល់របស់លោក វង សូត និងលោកស្រីចំនួន១ម៉ឺនដុល្លារ ហើយក្រៅពីនេះ គឺជាថវិការួមចំណែករបស់ក្រុមការងារ ចុះជួយឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ទីស្នាក់ការដែលនឹងត្រូវសាងសង់នេះ ស្ថិតនៅត្រង់ចំណុចកណ្តាល នៃភូមិទាំង៨ របស់ឃុំវាលម្លូនេះតែម្តង ដែលអាចជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ របស់មន្ត្រីគណបក្សប្រជាជនកម្ពុជា បានយ៉ាងល្អប្រសើរ ដើម្បីឈានទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០១៨ ខាងមុខ។
ដោយឡែក អំណោយដែលចែកជូនប្រជាពលរដ្ឋនោះ រួមមាន៖ លោកតា លោកយាយ ២០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់១ដុំ និងថវិកា១ម៉ឺនរៀល, សមាជិក CPP ឃុំវាលម្លូរ ២០០នាក់ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងថវិកា១ម៉ឺនរៀល, ឧបត្ថម្ភស្នាក់ការបក្សឃុំវាលម្លូរ ថវិកា២០ម៉ឺនរៀល៕