(ភ្នំពេញ)៖ មន្រ្តីនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចបានឲ្យដឹងថា មន្រ្តីនគរបាលដែល ព្រហើនហ៊ានបាញ់បោះសេរីជិត១០គ្រាប់ ចូលខ្លួនមកសារភាពនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ហើយនិងបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់។
ការចូលខ្លួនមកសារភាពអង្គភាពរបស់ខ្លួននេះ ធ្វើឡើងបន្ទាប់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ចំពោះមន្រ្តីនគរបាល ដែលបាញ់បោះសេរីក្នុងបុរីសម្បត្តិមានហេង នៅខណ្ឌច្បារអំពៅនោះ លោកបានបញ្ជាឲ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់់វិធានការហើយមិនឲ្យរួចខ្លួននោះទេ។
សូមជំរាបថា កាលពីម្សិលមិញមន្រ្តីនគរបាលម្នាក់បម្រើការងារ នៅនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដោយសារតែមានជម្លោះជាមួយ ប្រពន្ធរបស់ខ្លួនពេលកំពុងច្រៀងខារ៉ាអូខេ ក៏បានទាញកាំភ្លើង AK-47 បាញ់រះជិត១០គ្រាប់នៅក្នុងបុរី «សម្បត្តិមានហេង» មុខផ្ទះលេខ២៦៤ ផ្លូវលេខ៣ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕
រូបខាងក្រោមនេះលោក ស្វាយ ពិសិដ្ឋ ជនដៃដល់បាញ់បោះសេរី