(កណ្តាល)៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធិផលនានា ក្នុងវត្តគគីធំ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋពុទ្ធបរិស័ទជាង១៥០០នាក់ ស្ថិតក្នុងឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានពាំនាំនូវការផ្តាំផ្ញើការសាកសួសុខទុក្ខ ដល់ព្រចៅអធិការវត្ត លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស ពីសំណាក់ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។
បន្ទាប់ពីស្តាប់របាយការណ៍លោក អភិបាលស្រុករួចមករួចមក នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ក្នុងនាមនាយឧត្តមសេនីយ៍ ឌុល គឿន ប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកៀនស្វាយ បានថ្លែងនូវការកោតសរសើរ ដល់លោក ង៉ោ សុវណ្ណ ប្រធានក្រុមការងារគណៈពង្រឹងឃុំគគីធំ និងលោកអភិបាលស្រុក ព្រះចៅអធិការវត្ត ដែលខិតខំគៀរគសប្បុរសជន ដើម្បីមកជួយកសាងអភិវឌ្ឍនូវសមទ្ធផលជាច្រើនដែលមានដូចពេលនេះ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានលើកឡើងពីប្រវត្តិដ៏ជូជត់ និងទុក្ខវេទនាបំផុតដែលប្រជាពលរដ្ឋកម្ពុជា បានជួបប្រទះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាក់ស្តែងនៅវត្តគគីធំនេះ តែម្តងត្រូវបានបំផ្លាញខ្ទេចខ្ទី គ្មានសល់ទេ ហើយសម័យនោះ ពុំមានគណបក្សនយោបាយ ឬជនមួយចំនួនដែលអះអាងថា ជាអ្នកស្នេហាជាតិចេញមុខមកសង្គ្រោះជាតិនោះទេ គឺមានតែសម្តេចទាំងបី ដែលដឹកនាំរំដោះ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេ ពីគំនរផេះផង់។
នាយឧត្តមសេនីយ៍ បានលើកឡើងយ៉ាងច្បាស់ថា ការពារដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌ នៅលើទឹកដីនៃកម្ពុជានោះទេ។
នាយឧត្តមសេនីយ៍ បានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋរាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខដឹកនាំ បានខិតខំពុះពារ គ្រប់ឧបសគ្គ រក្សាបាននូវ សុខសន្តិភាពស្ថេរភាព រហូត អភិវឌ្ឍ ប្រទេសជាតិឈានឆ្ពោះទៅរក ការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ក៏បានលើកឡើងផងដែរថា បើគ្មានគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលទេ សង្គ្រាមនៅកម្ពុជា មកដល់ពេលនេះក៏នៅមិនទាន់ចប់ផង សូមពុក ម៉ែ បងប្អូន ត្រូវយល់ពីបញ្ហានេះ កុំចាញ់បោកជនអគតិមួយចំនួនដែលតែងតែញុះញុង ចង់បំផ្លាញសុខសន្តិភាពដែលយើងទទួលបានយ៉ាងលំបាក។ ប៉ុន្តែមានជនមួយក្តាប់តូច តែងតែលើកតម្កើងថ្ងៃ២៣ តុលា ដោយចោទរាជរដ្ឋាភិបាលថាបាន រំលោភ កិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងបារីស ២៣តុលា។
សូមបញ្ជាក់ជូន ពុក ម៉ែ បង ប្អូន ឲ្យបានច្បាស់ថា បើគ្មានថ្ងៃ៧មករាទេ ក៍គ្មានកិច្ចព្រមព្រៀងសន្តិភាព ២៣តុលា ក៍គ្មានសិទ្ធមនុស្ស ក៏គ្មានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរីកចម្រើនលូតលាស់លើគ្រប់វិស័យ ដូចសព្វថ្ងៃនេះនោះដែរ។
ក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ ក៍បានប្រគេនបច្ច័យសម្រាប់វត្តគគីធំ ចំនួន៤០លានរៀល និង ផ្តល់ជូនកំព្យូទ័រ ព្រីនធ័រដល់ សាលាស្រុកកៀនស្វាយ កំព្យួទ័រ០៣គ្រឿង ព្រីនធ័រ០៣គ្រឿង និងម៉ាស៉ីនថតចម្លង០១គ្រឿង។ ក្រៅពីនោះ នាយឧត្តមសេនីយ៍ ក៍បានឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ អជ្ញាធរ ប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងកម្មវិធីនេះផងដែរ៕