(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណបក្សចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិឫស្សីកណ្ដាល ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ដែលរងគ្រោះមហន្តរាយដោយខ្យល់ព្យុះ។
នៅក្នុងពិធីនេះក៏មានការចូលរួមផងដែរពីលោក សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ អាត់ ខែម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវបានបំផ្លាញទាំងស្រុងដោយសារតែខ្យល់កន្រ្តាក់។
ប្រជាពលរដ្ឋទាំង៣គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់នោះរួមមាន៖ ១៖ លោក សុខ សាម៉េត អាយុ៥៣ឆ្នាំ មានសមាជិកក្នុងគ្រួសារ៥នាក់ ២៖ លោក ឈាង ពែន អាយុ៥១ឆ្នាំ មានសមាជិកក្នុងគ្រួសារ៣នាក់ និង៣៖ លោក នេត្រ សាវឿង អាយុ៥០ឆ្នាំ មានសមាជិកក្នុងគ្រួសារ៣នាក់។
ក្នុងឱកាសជួបសំណេះសំណាលនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្ដាំផ្ញើការសាកសួរសុខទុក្ខ ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត។ នាយឧត្តមសេនីយ៍ បានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងបានបង្ហាញពីភាពរីកចំរើនយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា និង ខេត្តបន្ទាយមានជ័យ មានទាំងហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច។ ជាមួយគ្នានេះ សមាជិកក្រុមការងារ ក៏បានចូលរួមដាំដើមឈើនៅក្នុងភូមិផងដែរ។
មុននឹងបព្ចាប់កម្មវិធី លោកឧបនាយករដ្ឋមន្រ្តី បានជួយឧបត្ភម្តប្រជាពលរដ្ឋដែលរងគ្រោះក្នុង១គ្រួសារ បានអង្ករ៥០kg ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកសុទ្ធ២យួរ បីចេង១កញ្ចប់ មី១កេះ សារ៉ុង២ ថវិកា១០ម៉ឺនរៀល និងប្រជាពលរដ្ឋជិតខាងក្នុងភូមិបានចូលរួមចំនួន៩០នាក់ បានទទួលអំណោយ នូវសារ៉ុង ម្នាក់១ ថវិកា១ម៉ឺនរៀលផងដែរ៕