(ភ្នំពេញ)៖ ថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ចំពោះមន្រ្តីនគរបាល ដែលបាញ់បោះសេរីក្នុងបុរីសម្បត្តិមានហេង នៅខណ្ឌច្បារអំពៅនោះ លោកបានបញ្ជាឲ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់់វិធានការហើយមិនឲ្យរួចខ្លួននោះទេ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា ចំពោះករណីនេះបើសិនពិនិត្យទៅ អាចទទួលទោសតាមវិន័យកងកម្លាំង យើងនឹងធ្វើដោះស្រាយតាមនេះ តែបើសិនពិនិត្យទៅមានប្រវត្តិមិនល្អ នឹងឲ្យបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី។ យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ ក៏មិនទាន់ច្បាស់ទេថា តើជននេះត្រូវបានចាប់ខ្លួនហើយឬនៅ ពីព្រោះកម្លាំងនគរបាលកំពុងធ្វើការនេះហើយ។
លោក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News នៅវេលាថ្ងៃត្រង់នេះថា មន្រ្តីនគរបាលរូបនេះមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ។
មន្រ្តីនគរបាលម្នាក់បម្រើការងារ នៅនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដោយសារតែមានជម្លោះជាមួយ ប្រពន្ធរបស់ខ្លួនពេលកំពុងច្រៀងខារ៉ាអូខេ ក៏បានទាញកាំភ្លើង AK-47 បាញ់រះជិត១០គ្រាប់នៅក្នុងបុរី «សម្បត្តិមានហេង» មុខផ្ទះលេខ២៦៤ ផ្លូវលេខ៣ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រហូតមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ មិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅឡើយទេ។
យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីនេះកើតឡើងនៅវេលាម៉ោង៥៖៤០នាទី ល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ បង្កឡើងដោយមន្រ្តីនគរបាលនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ លោក ស្វាយ ពិសិដ្ឋ អាយុ៣៤ឆ្នាំ។
បើតាមរបាយការណ៍ មុនពេលកើតហេតុជនសង្ស័យ និងមិត្តភក្តិ២នាក់ទៀត បាននាំគ្នាផឹកស្រាបៀរ នៅផ្ទះជនសង្ស័យអស់មួយកេះ រួចក៏នាំគ្នាជិះរថយន្តម៉ាក Toyota HighLander ពណ៌ស ពាក់ស្លាកលេខនគរបាល (មិនចាំស្លាកលេខ) ចេញទៅក្រៅបាត់។
លុះដល់ម៉ោង១៧និង៤០នាទី ថ្ងៃដដែលជនសង្ស័យ ក៏ជិះរថយន្តត្រឡប់មកផ្ទះវិញម្នាក់ឯង ពេលនោះប្រពន្ធរបស់ជនសង្ស័យ ក៏ហៅជនសង្ស័យទៅផឹកស្រា និងច្រៀងខារ៉ាអូខេ ជាមួយអ្នកជិតខាង រួចក៏មានទំនាស់ពាក្យសម្តីគ្នា ហើយជនសង្ស័យក៏យកអាវុធវែងម៉ាក AK-៤៧(មិនដឹងលេខ)បាញ់ឡើងលើជាច្រើនគ្រាប់ រួចក៏យកអាវុធដាក់ក្នុងរថយន្ត ជិះគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចយើង បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ រកឃើញសំបកគ្រាប់អាវុធវែង (AK) ០៥សំបក ទុកធ្វើជាវត្ថុតាង។ យ៉ាងណាក៏ដោយសម្រាប់ហេតុការណ៍បាញ់បោះនេះ មិនបណ្តាលឲ្យរងគ្រោះដល់ប្រជាពលរដ្ឋ ណាម្នាក់នោះទេ។
បើតាមប្រជាពលរដ្ឋ នៅក្បែរជនសង្ស័យបានឲ្យដឹងថា ជននេះធ្លាប់បាញ់បោះផងដែរ ប៉ុន្តែមិនឃើញមានចំណាត់ការ របស់សមត្ថកិច្ចនោះឡើយ។ ចំពោះករណីនេះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសហការជាមួយកម្លាំងនគរបាល មូលដ្ឋានធ្វើការស្រាវជ្រាវបន្ត ដើម្បីចាត់ការបន្តទៀត៕
លោក ស្វាយ ពិសិដ្ឋ