(ព្រះវិហារ)៖ លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយស សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយលោក ហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចំនួន២៤៣នាក់ ចុះនាំនូវអំណោយមួយចំនួនរបស់លោក ហ៊ុន ម៉ានី យកទៅចែកជូនដល់កងយោធា នៃកងពលធំលេខ៣ ភូមិភាគប្រាសាទព្រះវិហារ ខេត្តព្រះវិហារ។
ថ្លែងក្នុងសកម្មភាពមនុស្សធម៌ ដែលបានធ្វើឡើនៅចុងសប្ដាហ៍មុននេះ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ទំនុកបម្រុងដល់យុទ្ធជន នៅសមរភូមិមុខ។ «ជាក់ស្តែងថ្ងៃនេះ តាមរយៈលោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី បានធ្វើដំណើរចុះមកសួរសុខទុក្ខបងប្អូនយើងផ្ទាល់តែម្ដង»។
ប្រមុខកងពលធំលេខ៣រូបនេះ បានប្ដេជ្ញាប្ដូរផ្ដាច់ថា «កងទ័ពទាំងអស់ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារទឹកដីកម្ពុជា ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតជ្រើសរើសដោយប្រជាជន និងមិនអនុញ្ញាតឱ្យមានបដិវត្តពណ៌ណាមួយ កើតឡើងនៅកម្ពុជាជាដាច់ខាត»។
លោកស្រី យឹម ឆៃលីន បានពាំនាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងទ័ពទាំងអស់គ្នា និងបានពាំនាំមកនូវអំណោយមួយចំនួន របស់លោក ហ៊ុន ម៉ានី និងលោកស្រីផ្ទាល់ផងដែរ ជូនដល់វីរយុទ្ធជន យុទ្ធនារី នៃកងពលធំលេខ៣ ក្នុងម្នាក់ទទួលបានថវិកា ៣ម៉ឺនរៀល និងជូនដល់អង្គភាពកងពលធំលេខ៣ មានមី៥៤កេះ ទឹកបរិសុទ្ធអូរ៉ាល៥០កេះ នំស្រួយលីលី១០កេះធំ ថ្នាំប៉ារ៉ាសេតាម៉ុល៥ពាន់បន្ទះ ថ្នាំមុលទីវីតាមីន៥ពាន់បន្ទះ និងថវិកា៤លានរៀល៕