(ភ្នំពេញ)៖ ពិតជាដំណឹងល្អណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ពិសេសកម្មករ កម្មការិនី ដែលត្រូវធ្វើដំណើរពីរាជធានីភ្នំពេញ ទៅលេងស្រុកកំណើត នៅតាមបណ្តាខេត្តនានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤, ១៥ និង ១៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ, ដោយក្រុមហ៊ុនស្រាបៀរ Ganzberg បានប្រកាសផ្តល់សំបុត្រជិះរថយន្តក្រុងចំនួន១០០គ្រឿង ដែលស្មើនឹងប្រមាណ៥០០០នាក់ដោយឥតគិតថ្លៃ។ នេះបើយោងតាមតំណាងក្រុមហ៊ុនស្រាបៀរ Ganzberg ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ។
តំណាងក្រុមហ៊ុនស្រាបៀរ Ganzberg បានបញ្ជាក់ថា ការផ្តល់សំបុត្រជិះរថយន្តក្រុង ទៅស្រុកកំណើតដោយឥតគិតថ្លៃនេះ គឺជាការរួមចំណែកជួយកាត់បន្ថយដល់ការចំណាយបងប្អូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ដែលចាំបាច់ត្រូវលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ឪពុកម្តាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ហើយក៏នឹងជួយទប់ស្កាត់ការដំឡើងថ្លៃ សំបុត្រជិះរថយន្ត ដែលតែងតែកើតមានឡើងផងដែរ។
តំណាងក្រុមហ៊ុនដដែលរូបនោះ បានអះអាងថា ការចេញដំណើរជិះរថយន្តក្រុង១០០គ្រឿងដោយឥតគិតថ្លៃនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ដោយចេញដំណើរពីកោះពេជ្រ, រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិត នៃដំណើរការផ្តល់សំបុត្រជិះរថយន្តក្រុងដោយឥតគិតថ្លៃនេះ ក្រុមហ៊ុន Ganzberg នឹងជូនដំណឹងជាផ្លូវការនៅថ្ងៃស្អែក ឬខានស្អែក៕