(កំពត)៖ ទូកនេសាទអូសល្មើសច្បាប់របស់ជនជាតិវៀតណាមចំនួន០៣គ្រឿង និងមនុស្ស១៨នាក់ ត្រូវកម្លាំងខណ្ឌជលផលខេត្តកំពត សហការជាមួយកម្លាំងវរនគរបាលការពារព្រំដែនទឹកតំបន់កំពត លេខ២៤១ ដឹកនាំដោយលោក នៃ គង់ អភិបាលរងខេត្ត ក្រោមការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តលោក ខាន់ សុផល ចាប់បាននៅម៉ោងប្រហែល២ រំលងអាធ្រាត្រថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចសមុទ្រ មុខកំពង់ផែវេញហួរ ចម្ងាយប្រមាណ២គីឡូម៉ែត ស្ថិតក្នុងភូមិគីឡូ១២ ឃុំព្រែកអំពិល ស្រុកទឹកឈូ ខេត្តកំពត។
លោក ស សុរិន នាយខណ្ឌរដ្ឋបាលជលផលកំពត បានប្រាប់ឲ្យដឹងថា យោងតាមបទបញ្ជារបស់គណៈបញ្ជកាឯកភាពខេត្ត ក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសនេសាទ កម្លាំងរបស់លោក បានសហការចេញល្បាតសមុទ្រ ក៏ប្រទះឃើញទូកល្មើស៤គ្រឿង ហើយកម្លាំងក៏បង្ក្រាបបានទូកនេសាទល្មើសរបស់ប្រជានេសាទវៀតណាមចំនួន០៤គ្រឿង តែខណៈបង្ក្រាបនោះ ទូកល្មើស១គ្រឿងបានបើករត់រួច។
លោកបានបន្តទៀតថា «ការបង្ក្រាបនេះ ក៏មានការសហការល្អ ពីប្រជាអ្នកនេសាទភូមិដូនតោកផងដែរ។ ខណ្ឌរដ្ឋបាលជលផល នឹងសុំគោលការណ៍ ពីលោកអភិបាលខេត្តកំពត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់»។
លោក ស សុរិន បានបន្ថែមទៀតថា យោងតាមកិច្ចសហប្រតិបត្តិការរវាងខេត្តកំពត និងខេត្តគៀងយ៉ាង កាលពីថ្ងៃ១៧ ខែមីនា ឆ្នាំ២០១៧ (តាមស្មារតីក្នុងកិច្ចប្រជុំ១ នៅក្រុងហាទៀង ខេត្តគៀងយ៉ាង) ស្តីពីបាតុភាពទំនាស់រវាងអ្នកនេសាទខ្មែរ និងអ្នកនេសាទវៀតណាម ដែលនៅតំបន់ទឹកជាប់គ្មា ភាគីទាំង២ បានឯកភាពទប់ស្កាត់មិនឲ្យមានទូកអូសគូរក្នុងតំបន់នេះសម្រាប់ទុកឲ្យនេសាទ ជាលក្ខណៈគ្រួសារ និងបញ្ជៀសជម្លោះ ដែលមានបាតុភាពក្នុងដែនសមុទ្រកន្លងមក៕