(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចាត់ទុកឆ្នាំ២០១៦កន្លងទៅ គឺជាឆ្នាំដ៏ជោគជ័យលើវិស័យកីឡាកម្ពុជា ដែលធ្វើឲ្យប្រជាពលរដ្ឋមានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងច្រើនកុះករ ពិសេសគឺការដណ្ដើមបាននូវមេដាយលើឆាកអន្ដរជាតិជាច្រើន ដែលធ្វើឲ្យអន្ដរជាតិមានការភ្ញាក់ផ្អើល និងកោតសរសើរទៀតផង ។
ថ្លៃងក្នុងមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់ NOCC នៅទីស្នាក់ការរបស់ខ្លួននាព្រឹកថ្ងៃទី២០ ខែមីនានេះ លោក ថោង ខុន បានមានប្រសាសន៍ថា ជាមួយភាពរីកចម្រើននៃវិស័យកីឡាជាតិនេះដែរ ក៏ដោយសារទទួលបានការឧបត្ថម្ភគាំទ្រយ៉ាងយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រហូតសម្តេចត្រូវបានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ប្រគល់ជូននូវពានរង្វាន់ “ប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ” កាលពីចុងខែមករាកន្លងទៅ ។
តាមរយៈភាពរីកចម្រើននេះ លោក ថោង ខុន បានចាត់ទុកឆ្នាំ២០១៦ គឺជាឆ្នាំដ៏ជោគជ័យ ដើម្បីបន្ដយុទ្ធសាស្ដ្រផែនការមេកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ ហើយអ្វីដែលជាស្នាដៃធំៗ គួរឲ្យកត់សម្គាល់ រួមមានភាពជោគជ័យនៃការប្រកួតកីឡាជាតិ លើកទី១, វីរៈកីឡាការិនីឆ្នើម ស៊ន សៀវម៉ី ដណ្ដើមបានសិទ្ធពេញលេញចូលរួមប្រកួតកីឡាអូឡាំពិកក្នុងប្រវត្តិសាស្ដ្រ កាលពីឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល ។ ជាងនេះទៅទៀត កីឡាបាល់ទាត់ ក៏បានបង្ហាញពីភាពរីកចម្រើនយ៉ាងខ្លាំងក្លា ក្នុងឆ្នាំ២០១៦ ដែលបានទាក់ទាញការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ បូករួមទាំងសមិទ្ធិផលជាច្រើនទៀត ។
ប៉ុន្ដែក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកបានជំរុញបន្ថែមដល់សហព័ន្ធកីឡាជាតិ និងអង្គភាពពាក់ព័ន្ធនានា ដែលតែងចូលរួមកែទម្រង់ស៊ីជម្រៅ និងអនុវត្តប្រកបដោយគុណភាពកន្លងមក លើការបន្ដជំរុញការអភិវឌ្ឍន៍បន្ថែមទៀត ។ ហេតុនេះលោករំពឹងថា គ្រប់ភាគីពាក់ព័ន្ធនឹងចូលរួមកាន់តែខ្លាំងបន្ថែមទៀត ដើម្បីជំរុញ និងលើកស្ទួយសក្ដានុពលវិស័យកីឡាឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕