(ភ្នំពេញ)៖ លោកស្រី Concetta Fierravanti-Wells សមាជិកព្រឹទ្ធសភា និងជារដ្ឋមន្រ្តីទទួលបន្ទុកអភិវឌ្ឍអន្តរជាតិ និងតំបន់ប៉ាស៊ីហ្វិករបស់អូស្រ្តាលី បានអះអាងថា កម្ពុជាពេលនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីក្រុមនិស្សិតអូស្រ្ដាលី សម្រាប់ចុះមកធ្វើកម្មសិក្សា ក្នុងចំណោម ប្រទេសចំនួន៥។
ការលើកឡើងយ៉ាងដូច្នោះ របស់រដ្ឋមន្រ្តីអូស្រ្តាលី បានធ្វើឡើងខណៈលោកស្រី ជួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងឱកាសលោកស្រី មកទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។
លោកស្រី Concetta Fierravanti-Wells បានបញ្ជាក់ឲ្យដឹងទៀតថា ជាក់ស្ដែង ក្នុងឆ្នាំ២០១៦ មាននិស្សិតអូស្រ្តាលីចំនួន២៥២នាក់ និងនៅឆ្នាំ២០១៧នេះ មានចំនួនរហូតដល់ ៤៤០នាក់ ដែលបានជ្រើសរើសយកកម្ពុជា ដើម្បីធ្វើកម្មសិក្សា។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់តាមរយៈ ការចូលរួមដ៏សកម្មរបស់អូស្រ្តាលី នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា។
លោក ប្រាក់ សុខុន ក៏បានរំលឹកអំពីជំនួយ ដែលអូស្រ្តាលី បានជួយមកកម្ពុជា ដែលក្នុងនោះមានការផ្ដល់នូវជំនួយឧបត្ថម្ភរបស់អូស្រ្តាលីចំពោះការអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ការជំរុញទំនាក់ទំនងរវាងយុវវ័យរបស់ប្រទេសទាំងពីរ ពិសេសតាមរយៈការបញ្ជូននិស្សិតកម្ពុជា ទៅសិក្សានៅអូស្ត្រាលី ក្រោមអាហារូបករណ៍របស់អូស្ត្រាលី និងការបញ្ជូននិស្សិតអូស្ត្រាលីមកធ្វើកម្មសិក្សានៅកម្ពុជា ក្រោមកម្មវិធី «New Colombo Plan» កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃ MoU ស្តីពីការតាំងទីលំនៅ នៅកម្ពុជារបស់ជនភៀសខ្លួនពី Nauru៕