(ភ្នំពេញ)៖ លោក វ៉ាង ហ្សូវ៉េន (Wang Shouwen) អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន បានកោតសរសើរថា ចាប់តាំងពីបង្កើតអង្គការពាណិជ្ជកម្មពិភពលោក (WTO) រហូតមកដល់ពេលនេះ មានប្រទេសកំពុងអភិវឌ្ឍកំរិតទាប ចំនួន៩ហើយ ដែលចូលជាសមាជិក ក្នុងនោះប្រទេសកម្ពុជា ជាប្រទេសមួយ ដែលទទួលបានជោគជ័យខ្ពស់ជាងគេបំផុត។
ការលើកសរសើររបស់មន្រ្តីជាន់ខ្ពស់ចិន បានធ្វើឡើងខណៈដែលលោកចូលជួបសម្តែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នេះ។ ក្នុងជំនួបនោះ លោក វ៉ាង ហ្សូវ៉េន បាននាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីប្រធានាធិបតី ហ្សី ជីនពីង ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ផងដែរ។
អនុរដ្ឋមន្ត្រីចិន បានចាត់ទុកថា ការរៀបចំកិច្ចប្រជុំតុមូល នាពេលនេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ របស់កម្ពុជាក្នុង នាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ ជាងនេះទៀតលោកក៏បានជំរាបជូបសម្តេចថា នេះជាលើកទី១ ដែលបានមកកាន់ប្រទេសកម្ពុជា ហើយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន លោកសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទាំងវិស័យ សេដ្ឋកិច្ច នយោបាយ ហើយកម្ពុជា ក៏មានស្ថិរភាពល្អ ប្រជាជនកម្ពុជា ក៏ទទួលបាននូវជីវភាពរស់នៅល្អប្រសើរ។
លោក វ៉ាង ហ្សូវ៉េន បានគោរពជំរាបជូន សម្តេចតេជោ ហ៊ុន សែន ថា នៅពេលនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន បានឈានទៅដល់ ៥០០០លានដុល្លារ ហើយការនាំចេញផលិតផលកម្ពុជា ក៏ដូចជាការវិនិយោគរបស់ចិនមកកម្ពុជា កំពុងមានសន្ទុះក្នុងន័យនេះ ភាគីចិន សូមលើកទឹកចិត្តឱ្យមានការវិនិយោគ មកកាន់កម្ពុជាកាន់តែច្រើនឡើង ចំពោះការនាំផលិតផលកសិផលពីកម្ពុជា ទៅចិនវិញនោះ ចិនក៏សូមគាំទ្រ ធ្វើយ៉ាងណាជំរុញការនាំចេញផលិតផល កសិផលកម្ពុជាទៅកាន់ប្រទេសចិន កាន់តែខ្លាំងឡើងដែរ។
លោកបានបញ្ជាក់ កន្លងមក ថ្នាក់ដឹកនាំកម្ពុជា-ចិន បានយល់ព្រមគ្នាលើចំណុចគម្រោងជាច្រើន ហើយគម្រោងមួយចំនួន ក៏បានអនុវត្ត ជោគជ័យរួចហើយ ហើយគម្រោងដទៃទៀត ក៏បានសម្រេចដោយថ្នាក់ដឹកនាំកំពូលទាំង២ហើយ។ ក្នុងនោះភាគីចិន នឹងជំរុញឱ្យដំណើការឆាប់ៗខាងមុខនេះ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការពាំនាំ និងផ្តាំ ផ្ញើការសួរសុខទុក្ខ ប្រធានាធិបតី ហ្សី ជីនពីង ហើយក្នុងនោះសម្តេច ក៏បានមានប្រសាសន៍ថា ការរីកចំរើន ការអភិវឌ្ឍ និងវឌ្ឍនភាពនៅកម្ពុជា គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់មិត្តចិនឡើយ។ ក្នុងន័យនេះសម្តេចតេជោ ក៏បានថ្លែងអំណរគុណនិងបានស្នើសុំ ដល់ភាគីចិន យកចិត្តទុកដាក់ជាពិសេសជួយដល់កម្ពុជា លើកការបន្តជំរុញទេសចរចិន និងវិនិយោគចិនមកកាន់កម្ពុជាឲ្យកាន់តែ ច្រើនឡើងថែមទៀត។
ចំពោះទំនាក់ទំនងរវាងកម្ពុជា និងចិន ភាគ៏ទាំងពីរលើកឡើងដូចគ្នាថា កំពុងស្ថិតនៅជាប្រទេសជិតខាងល្អ មិត្តល្អ ដែលមានកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ៕