(សៀមរាប)៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំតុមូលចិន លើកទី៥ ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅសណ្ឋាគារសុខា ខេត្តសៀមរាប។
កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ក្រោមប្រធានបទ «ឧត្តមានុវត្តន៍ស្តីពីការចូលជាសមាជិក នៃប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)»។ កិច្ចប្រជុំតុមូលចិនលើកទី៥ ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលប្រទេសចិន សហការជាមួយ WTO និងរដ្ឋាភិបាលនៃប្រទេស ជាប្រធានក្រុមសម្របសម្រួល ប្រទេសអភិវឌ្ឍន៍តិចតួច។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន អរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងលេខាធិការដ្ឋាននៃអង្គការពាណិជ្ជកម្មពិភពលោក ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំតុមូលនេះ។
* ដោយសារតែកម្ពុជាជាប្រធានក្រុមនៃប្រទេសអភិវឌ្ឍន៍តូច ដើម្បីចរចាស្វែងរយកប្រយោជន៍ពីអង្គការពាណិជ្ជកម្មនោះ សម្តេចតេជោ ហ៊ុន សែន បានឡើងបង្ហាញនូវបទពិសោធន៍មួយចំនួនរបស់កម្ពុជាចែកជូនដល់អ្នកចូលរួមក្នុងកិច្ចប្រជុំតុមូលចិនលើកទី៥។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបានប្រែក្លាយពីសង្រ្គាមស៊ីវិល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចពីបាតដៃទទេនៅក្នុងឆ្នាំ១៩៧៩ ដែលប្រជាជនមាន ចំណូលដុលប្រចាំឆ្នាំត្រឹមតែ ៣០០ដុល្លា ក្នុងមនុស្សម្នាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ រហូតក្លាយជាប្រទេស ដែលមានមានចំណូលដុលប្រចាំឆ្នាំចំនួន ១០៧០ដុល្លាអាមេរិក ក្នុងមនុស្សម្នាក់ក្នុង ឆ្នាំ២០១៥ មានកំណើនសេដ្ឋកិច្ចគិតជាមធ្យមក្នុងរង្វង់ ៧.៧% ចន្លោះពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៤។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងមានកំណើនភ្ញៀវទេសចរណ៍ រហូតដល់ចំនួន៥,០១១,៧១២លាននាក់ ក្នុងឆ្នាំ២០១៦ ហើយទទួលបានកំណើនពាណិជ្ជកម្មអន្តរជាតិ ពី១៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០១១ ទៅដល់ ៣០ពាន់លានដុល្លារក្នុងឆ្នាំ២០១៤។
* សម្តេចតេជោ បានបន្តថា កម្ពុជាបានកាត់បន្ថយភាពក្រីក្រពី៥៣.២% ក្នុងឆ្នាំ២០០៤ មកនៅប្រមាណ១១.៥% ក្នុងឆ្នាំ២០១៥។ ជាមួយនេះ កម្ពុជាត្រូវបានប៉ាន់ប្រមាណថា នឹងបន្តអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% រហូតដល់ឆ្នាំ២០១៨ ដែលជាលទ្ធផលទទួលបាន ពីការអភិវឌ្ឍន៍នៃពិពិធកម្ម នៃសហគ្រាសធុនតូចនិងមធ្យម និងការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសាកលលោក។
* សម្តេចនាយករដ្ឋមន្រ្តី បានឲ្យដឹងដែរថា បន្ទាប់ពីបានចូលជាសមាជិកសហគមន៍សហភាពអាស៊ីអាគ្នេយ៍នៅក្នុង ខែមេសា ឆ្នាំ១៩៩៩ និងបាន ក្លាយជាសមាជិកអង្គការ WTO ក្នុងខែតុលា ឆ្នាំ២០០៤ រួចមកកម្ពុជាបានផ្លាស់ប្តូរមុខមាត់ និងកំពុងរៀបចំខ្លួន ដើម្បីក្លាយទៅជាប្រទេស កំពុងអភិវឌ្ឍន៍នាពេលខាងមុខ តាមរយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងវិស័យសេវាកម្ម ផ្សេងៗទៀត ដោយផ្សារភ្ជាប់គោលនយោបាយអភិវឌ្ឍជាតិជាមួយនឹងគោលនយោបាយ អភិវឌ្ឍន៍ក្នុងតំបន់ និងអន្តរជាតិ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលេចនូវបទពិសោធន៍របស់កម្ពុជាផងដែរ ក្នុងការអភិវឌ្ឍន៍ប្រទេសចេញពីភ្លើងសង្រ្គាម ចែកជូនដល់បណ្តាប្រទេសដែលកំពុងមានការអភិវឌ្ឍតិចតួចដទៃទៀត។
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ទៀតថា ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាបានចូលរួមការបង្កើត សហគមន៍សេដ្ឋកិច្ចកាលពីចុងឆ្នាំ២០១៥ ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការធ្វើសេរីភាវូនីយកម្មជាមួយនិងដៃគូររបស់អាស៊ាន ទំាង០៦រួមមាន ប្រទេសចិន ជប៉ុន កូរ៉េ ឥណ្ឌា អូស្រ្តាលី ណូវែលហ្សែឡង់។
* សម្តេចបានបន្ថែមថា កម្ពុជា ក៏កំពុងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីដ៏ធំមួយដែលមាន ១៦ប្រទេស ហៅថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ ដែលនឹងត្រូវបានគ្រោងចុះហត្ថលេខានៅក្នុងឆ្នាំ២០១៧នេះ សំដៅពង្រីកទីផ្សារទំនិញ និងសេវា ទាក់ទាញវិនិយោគទុនបរទេស។
* សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា កម្ពុជាបានក្លាយជាសមាជិកនៃអង្គការ WTO នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយទទួលបានជោគជ័យតាមរយៈការចរចាទ្វេភាគី និងពហុភាគីអស់រយៈពេល៥ឆ្នាំ ជាមួយនឹងបណ្តាប្រទេសអភិវឌ្ឍន៍ខ្ពស់ ដែលការចរចានេះបានតម្រូវឲ្យកម្ពុជាបង់តម្លៃ និងបើកចំហរវិស័យជាច្រើនជាពិសេសពាណិជ្ជកម្មផ្នែកទំនិញ សេវាកម្ម វិនិយោគ ព្រមទាំងត្រូវធ្វើការកែទម្រង់រចនាសម្ព័ន្ធស្ថាប័ន និងលិខិតបទដ្ឋានច្បាប់ជាច្រើនទៀតផង។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការចរចា ដើម្បីបានក្លាយជាសមាជិក WTO។ សម្តេចថា ដើម្បីបានក្លាយជាសមាជិក WTO គឺកម្ពុជា បានធ្វើការព្រមៗគ្នា។ ជោគជ័យនេះកម្ពុជា មិនត្រឹមតែឆ្លើយតែការឆ្លើយជាលាយលក្ខណ៍អក្សរនោះទេ តែគឺជាការធ្វើសុគតភាពទាំងក្នុង និងខាងក្រៅ។
* សម្តេចតេជោ បានរំលឹកថា ដើម្បីអភិវឌ្ឍន៍ប្រទេស ក្រោយថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ ការប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូងក្រោយការបោះឆ្នោត សម្តេចបានដាក់ចេញយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១ មានមុំពីរសំខាន់ៗ គឺមុំសន្តិភាវូពាណិជ្ជកម្ម និងការធ្វើសមាហរណកម្មទៅ កាន់អន្តរជាតិ។ សម្តេចតេជោ បានរំលឹកដល់គណៈប្រតិភូថា កម្ពុជា បានអភិវឌ្ឍន៍ចេញពីបាត់ដៃទេសចរណ៍ ពីខេត្តសៀមរាប មានសណ្ឋាគារចាស់ៗត្រឹមតែពីរ រហូតដល់ប្រមាណ៤០០ នាពេលបច្ចុប្បន្ន ពីភ្ញៀវទេសចរសូន្យនាក់ មកកាន់រាប់លាននាក់នាពេលបច្ចុប្បន្ន។
* សម្តេចតេជោ ស្នើអគ្គនាយករងអង្គការពាណិជ្ជកម្មពិភពលោក និងប្រទេសជាសមាជិកចាស់ គួរមានការយោគយល់ដល់ប្រទេស ដែលមានការអភិវឌ្ឍតិចតួចឲ្យក្លាយជាសមាជិកពាណិជ្ជកម្មពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក យោគយល់ដល់ប្រទេសអភិវឌ្ឍន៍តិចតួចដទៃទៀត បានចូលជាសមាជិករបស់ WTO។ ត្រង់ចំណុចនេះ សម្តេចតេជោ បានទទូចឲ្យ WTO ទទួលប្រទេសទីម័រ បានក្លាយជាសមាជិកអង្គការ WTO ព្រោះស្ថានភាពរបស់ទីម័រនាពេលបច្ចុប្បន្នមានស្ថានភាពល្អប្រសើរជាងកម្ពុជា ពេលសុំចូលជាសមាជិករបស់ WTO ទៅទៀត។
* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើអគ្គនាយករងអង្គការ WTO ត្រូវមានការពិចារណាពីរណាំងលំហូរពាណិជ្ជកម្មរវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។ សម្តេចបានលើកឡើងថា ប្រទេសអ្នកមានតែងតែលើកហេតុ និងលក្ខខណ្ឌផ្សេងៗដើម្បីរាំងខ្ទប់ទំនិញពីប្រទេសអ្នកក្រ។
* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ប្រទេសទាំងអស់នៅលើពិភពលោកត្រូវតែដើរទៅជាមួយគ្នា មិនអាចទុកឲ្យប្រទេសអ្នកក្រ នៅតែក្រនោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរិះគន់ទៅលើគោលនយោបាយគាំពារនិយមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាមិនអាច អនុវត្តន៍ទៅបានជោគជ័យនោះឡើយ។ សម្តេចតេជោថា ពិភពលោក គឺត្រូវតែត្រូវការទៅវិញទៅមក។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរំលឹកពីការលើកឡើងរបស់សម្តេចក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសនាពេលកន្លងទៅ ដោយសម្តេចបានថ្លែងការជឿជាក់ថា អាមេរិក និងចិន មិនអាចផ្ទុះសង្រ្គាមជាមួយគ្នានោះឡើយ ហើយបើអាមេរិក ចង់កើតសង្រ្គាម ចិន ក៏មិនវាយជាមួយនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាស៊ាន មិនធ្វើជាស្មៅឲ្យដំរីជាន់នោះឡើយ។ ដូច្នេះអាស៊ានដើរតួសម្របសម្រួលដល់មហាអំណាចចិន និងអាមេរិក មិនទុកឲ្យមានជម្លោះហើយបង្កគ្រោះថ្នាក់ដល់អាស៊ាននោះឡើយ។
* សម្តេចតេជា ហ៊ុន សែន ថ្លែងបញ្ជាក់ជាថ្មីចង់ឲ្យនយោបាយអន្តរពាណិជ្ជកម្មប៉ាស៊ីហ្វិក TPP លុបចោល ព្រោះមានចរិតបំបែកបំបាក់អាស៊ាន ដែលជាការផ្តួចផ្តើមបង្កើតឡើងដោយអតីតប្រធានាធិបតីលោក ប៉ារាក់ អូបាម៉ា។ ប៉ុន្តែពេលនេះត្រូវបានលុបចោលហើយ ដោយប្រធានាធិបតី ដូណាល់ ត្រាំ។
* សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បន្តថា កាតព្វកិច្ចចំពោះមុខសម្រាប់ប្រទេសទាំងជាប្រទេសអភិវឌ្ឍន៍តិចតួច គឺត្រូវធ្វើយ៉ាងណាឲ្យការចរចាសម្រេចបានជោគជ័យនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី១១ នៃអង្គការ WTO គ្រោងធ្វើនៅថ្ងៃទី១១ ដល់១៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងប៊ូណូស្សារ៉េស ប្រទេសអាហ្សង់ទីន ដែលលទ្ធផលនោះត្រូវតែបំរើផលប្រយោជន៍ដល់ប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ រួមទាំងប្រទេសដែលកំពុងចរចាចូលជាសមាជិកអង្គការ WTO ផងដែរ។
* សម្តេចតេជោ បន្តថា ក្នុងឋានៈជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជានឹងខិតខំឲ្យអស់ពីកំលាំងកាយចិត្តធ្វើការ សម្របសម្រួលជាមួយប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាសមាជិកអង្គការ WTO ទាំងអស់ ដើម្បីជំរុញកិច្ចចរចានានា ដែលបម្រើឲ្យផលប្រយោជន៍ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ជាពិសេសតាមដាន និងជំរុញឲ្យមានការអនុវត្តសេចក្តីថ្លែងការណ៍ និងសេចក្តីសម្រេចរបស់សន្និសីទថ្នាក់រដ្ឋមន្រ្តីនៅទីក្រុងបាលី និងទីក្រុងណៃរ៉ូប៊ី ដូចជាការផ្តល់ការលើកលែង និងលក្ខខណ្ឌពិសេសផ្នែកសេវា ការផ្តល់ភាពអនុគ្រោះពន្ធគយ និងមិនជាប់កូតា សម្រួលវិធានប្រភពដើមទំនិញ សិទ្ធិទទួលបានឱសថសម្រាប់សេវាសុខភាពសាធារណៈ កិច្ចសម្រួលពាណិជ្ជកម្ម និង ជំនួយសម្រាប់អនុវត្តវិស័យពាណិជ្ជកម្មជាដើម។
* សម្តេចតេជោ បានអំពាវនាវដល់ប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ ចូលរួមដោយសកម្មដើម្បីដោះស្រាយបញ្ហានានាទាក់ទងការគាំពារ កសិកម្មក្នុងស្រុក ការស្តុកទុកស្បៀងបម្រុងដើម្បីធានាសន្តិសុខស្បៀង ការឧបត្ថម្ភធនលើវិស័យជលផល ការធ្វើពាណិជ្ជកម្មនិងបរិស្ថាន និងការផ្តល់ប្រពិត្តកម្មពិសេស និងដោយឡែកដល់ប្រទេសអភិវឌ្ឍន៍តិចតួច ឲ្យបានចប់សព្វគ្រប់មុនកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១១ នៅប្រទេសអាហ្សង់ទីន។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចាប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៩៖៤៦នាទីព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនផ្សាយផ្ទាល់