(ភ្នំពេញ)៖ នាឱកាសសម្ពោធបើកការដ្ឋានផ្លូវមួយខ្សែ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង បានលើកឡើងជាសាធារណៈដោយដាក់ការសង្ស័យថា សមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិជ្រើសរើសលោក កឹម សុខា ធ្វើប្រធានបក្ស និងអនុប្រធានបក្សចំនួន៣រូបផ្សេងទៀត អាចខុសទៅនឹងលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ។ ជាប្រតិកម្មឆ្លើយតបគណបក្សសង្រ្គោះជាតិ ពិសេសតាមរយៈលោក អេង ឆៃអ៊ាង អនុប្រធានថ្មី ដែលមិនទាន់ទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ បានចេញមុខមកធ្វើការបកស្រាយ ដោយបានអះអាងថា សមាជវិសាមញ្ញរបស់គណបក្ស គឺមិនខុសច្បាប់ ហើយធ្វើឡើងត្រឹមត្រូវតាមលក្ខន្តិកៈរបស់គណបក្ស។
ការពិត តើត្រូវ ឬខុសច្បាប់?
បក្សីចាំក្រុង បានព្យាយាមធ្វើការស្រាវជ្រាវស្វែងរកឯកសារលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ដើម្បីបានធ្វើជាមូលដ្ឋានពិនិត្យ និងវិភាគ ក៏ដូចជា ដើម្បីបង្ហាញជូនសាធារណជនឱ្យបានយល់ជ្រាប និងវាយតម្លៃថា តើលក្ខន្តិកៈនៃគណបក្សសង្រ្គោះជាតិនេះមានអត្ថន័យដូចម្តេច? ហើយបើផ្អែកលើលក្ខន្តិកៈនេះ តើសមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានគណបក្សថ្មីរបស់គណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ កន្លងទៅប្រព្រឹត្តទៅដោយត្រឹមត្រូវតាមលក្ខន្តិកៈរបស់ខ្លួនដែរ ឬទេ?
១៖ លក្ខន្តិកៈរបស់គណបក្សជាច្បាប់កំពូលរបស់គណបក្សមួយ។ ចំពោះគណបក្សសង្រ្គោះជាតិ ក៏ដូចគ្នាដែរ។ លក្ខន្តិកៈរបស់គណបក្ស សង្រ្គោះជាតិត្រូវបានអនុម័តដោយសមាជលើកទី១ របស់គណបក្សនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣។ លក្ខន្តិកៈនេះ ត្រូវបានអនុម័តដោយ សំឡេងភាគច្រើន ២/៣ ដោយសមាជិកវត្តមានរបស់សមាជគណបក្ស ដែលស្ថាប័នកំពូលរបស់គណបក្សសង្រ្គោះជាតិ។ ការកែប្រែលក្ខន្តិកៈរបស់ គណបក្សសង្រ្គោះជាតិ ក៏ត្រូវមានការអនុម័តយល់ព្រមដោយសមាជគណបក្ស តាមសំឡេងភាគច្រើន ២/៣ ផងដែរ។ យោងតាមប្រការ ៥៧ នៃលក្ខន្តិកៈ បទប្បញ្ញត្តិ លិខិតបទដ្ឋាន និងសេចក្តីសម្រេចនានារបស់គណបក្ស ត្រូវស្របនឹងលក្ខន្តិកៈរបស់គណបក្សជាដាច់ខាត។
២៖ ចំពោះការរៀបចំក្បាលម៉ាសុីនគណបក្សសង្រ្គោះជាតិក្នុងករណីប្រធានគណបក្សលាលែងពីតំណែងគឺត្រូវអនុវត្តតាមប្រការ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ។ ប្រការ ៤៧ នេះ ចែងថា៖ «ករណីប្រធានគណបក្សបាត់បង់សមត្ថភាពដឹកនាំគណបក្ស ដែលបញ្ជាក់ដោយ គណៈកម្មាធិការនាយកបើ៖
* អាណត្តិនៅតិចជាង១៨ខែ អនុប្រធានគណបក្សត្រូវទទួលនាទីជាប្រធានស្តីទី ហើយគណៈកម្មាធិការនាយកត្រូវជ្រើសរើស អនុប្រធាន គណបក្សថ្មីមួយរូប ក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរពីក្នុងចំណោមសមាជិករបស់ខ្លួន ដោយសំឡេងភាគច្រើនដាច់ខាត ៥០%+១ នៃសមាជិក គណៈកម្មាធិការនាយកទាំងមូល ដើម្បីជួយដល់ការងារប្រធានគណបក្សស្តីទីរហូតដល់ចប់អាណត្តិ។
* អាណត្តិនៅលើស១៨ខែ គណៈកម្មាធិការអចិន្រ្តៃយ៍ ត្រូវកំណត់ពេលរៀបចំសមាជវិសាមញ្ញ ដើម្បីជ្រើសរើសប្រធានគណបក្ស និងអនុប្រធាន គណបក្សថ្មី ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ ដើម្បីដឹកនាំគណបក្សរហូតដល់ចប់អាណត្តិ។»
ប្រការ៤៧នេះ ត្រូវបានសមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ធ្វើការកែសម្រួលដូចតទៅ៖
ប្រការ៤៧ ថ្មី ៖ «ករណីប្រធានគណបក្សទទួលមរណភាព លាឈប់ បាត់បង់សមាជិកភាព ឬបាត់បង់សមត្ថភាពដឹកនាំគណបក្សដែលបញ្ជាក់ដោយ គណៈកម្មាធិការនាយក បើ៖
* អាណត្តិនៅតិចជាង១៨ខែ អនុប្រធានគណបក្សមួយរូបដែលមានអាយុច្រើនជាងគេ ត្រូវទទួលនាទីជាប្រធានគណបក្ស ហើយបើគ្មានអនុប្រធាន គណបក្ស គណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធានគណបក្សថ្មីយ៉ាងតិចមួយរូប ក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរពីក្នុងចំណោមសមាជិក របស់ខ្លួន ដោយសំឡេងភាគច្រើនដាច់ខាត ៥០%+១ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ដើម្បីជួយដល់ការងារប្រធានគណបក្ស រហូតដល់ចប់អាណត្តិ។
* អាណត្តិនៅលើស១៨ខែ គណៈកម្មាធិការអចិន្រ្តៃយ៍ ត្រូវកំណត់ពេលរៀបចំសមាជវិសាមញ្ញ ដើម្បីជ្រើសរើសប្រធានគណបក្ស និងអនុប្រធានគណបក្សថ្មី ក្នុងរយៈពេលយ៉ាងយូរ ៣០ ថ្ងៃ ដើម្បីដឹកនាំគណបក្សរហូតដល់ចប់អាណត្តិ។
៣៖ កាលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ លោក សម រង្ស៉ី បានប្រកាសលាលែង។ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈកម្មាធិការនាយកគណបក្ស បានបើកកិច្ចប្រជុំដោយបានសម្រេចទទួលយកការលាលែងរបស់លោក សម រង្ស៊ី ពីតំណែងប្រធានគណបក្ស និងប្រគល់សិទ្ធិជូនលោក កឹម សុខា ធ្វើជាប្រធានស្តីទីដើម្បីដឹកនាំគណបក្ស។ ការសម្រេចនេះគឺយោងច្បាស់ទៅរកទាំងប្រការ១៦ និងប្រការ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ។
៤៖ ដូចនេះ របៀបនៃការជ្រើសរើសប្រធាន និងអនុប្រធានថ្មី នៃគណបក្សបន្ទាប់ពីការលាលែងរបស់លោក សម រង្ស៊ី គឺចូលក្នុងដែនអនុវត្តនៃប្រការ៤៧ នៃលក្ខន្តិកៈគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែតើត្រូវអនុវត្តតាមប្រការ ៤៧ ត្រេទី១ ឬត្រេទី២? ដើម្បីដឹងថា អនុវត្តតាមត្រេទី១ ឬត្រេទី២ លុះត្រាតែដឹងថា តើអាណត្តិដែលនៅសល់មានរយៈពេលតិចជាង១៨ខែ ឬលើស១៨ ខែ? យោងតាមលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ត្រង់ប្រការ៤៤ប្រធាន និងអនុប្រធានគណបក្សមានអាណត្តិ៥ឆ្នាំ។
៥៖ គណបក្សសង្រ្គោះជាតិបានកំណត់នៅក្នុងលក្ខន្តិកៈរបស់ខ្លួន ដោយយកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ជាថ្ងៃបង្កើតគណបក្សជាផ្លូវការ។ ដូចនេះបើអាណត្តិទី១ នេះ កំណត់រាប់ចាប់ពីថ្ងៃបង្កើតគណបក្សផ្លូវការ គឺមានន័យថា អាណត្តិទី១ ដែលមានរយៈពេល៥ឆ្នាំនេះ នឹងបញ្ចប់ក្នុងខែកក្កដា ឆ្នាំ២០១៧ នេះតែម្តង មានន័យថា ក្រោម១៨ខែ ប៉ុន្តែបើរាប់គិតពីថ្ងៃអនុម័តលក្ខន្តិកៈ (ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣) អាណត្តិទី១ ដែលមានរយៈពេល៥ឆ្នាំនេះ នឹងបញ្ចប់ក្នុងខែមេសា ឆ្នាំ២០១៨ ដូចដែលគណបក្សសង្រ្គោះជាតិធ្លាប់បានប្រកាសកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ថា គណបក្សនឹងជ្រើសរើសប្រធាន និងអនុប្រធានគណបក្ស នៅក្នុងសមាជគណបក្សនាខែមេសា ឆ្នាំ២០១៨។
ប៉ុន្តែបើរាប់ដូចករណីចុងក្រោយនេះមែន រយៈពេលនៃការបញ្ចប់អាណត្តិទី១ រាប់ពីថ្ងៃដែល សម រង្ស៊ី បានលាលែងពីតំណែងប្រធានបក្សគឺនៅសល់ រយៈពេល១៤ខែប៉ុណ្ណោះ។ ដូចនេះបើយោងតាមលក្ខន្តិកៈដែលជាច្បាប់កំពូលរបស់គណបក្ស ទាំងប្រការ៤៧ចាស់ ទាំងប្រការ៤៧ថ្មី ដូចបាន រៀបរាប់ខាងលើ គឺត្រូវអនុវត្តតាមត្រេទី១ នៃប្រការនេះ ព្រោះអាណត្តិនៅតិចជាង១៨ខែ មានន័យថា លក្ខន្តិកៈនេះមិនអនុញ្ញាតឱ្យកោះប្រជុំ សមាជវិសាមញ្ញដើម្បីជ្រើសរើសប្រធាន និងអនុប្រធានថ្មីរបស់បក្សនោះទេ។
ក្នុងករណីនេះ៖
* បើយោងតាមត្រេទី១ នៃប្រការ៤៧ចាស់ គឺអនុប្រធានគណបក្សត្រូវទទួលនាទីជាប្រធានស្តីទី មានបុព្វសិទ្ធិដូចប្រធានគណបក្ស ហើយគណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធានគណបក្សថ្មីមួយរូប ក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ ពីក្នុងចំណោមសមាជិករបស់ខ្លួន ដោយសំឡេងភាគច្រើនដាច់ខាត ៥០%+១ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ដើម្បីជួយដល់ការងារប្រធានគណបក្សស្តីទី រហូតដល់ចប់អាណត្តិ។
* បើយោងតាមត្រេទី១ នៃប្រការ៤៧ថ្មី គឺ អនុប្រធានគណបក្សមួយរូបដែលមានអាយុច្រើនជាងគេ ត្រូវទទួលនាទីជាប្រធានគណបក្ស ហើយបើគ្មានអនុប្រធានគណបក្ស, គណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធានគណបក្សថ្មីយ៉ាងតិចមួយរូប ក្នុងរយៈពេល ៣០ ថ្ងៃយ៉ាងយូរពីក្នុងចំណោមសមាជិករបស់ខ្លួន ដោយសំឡេងភាគច្រើនដាច់ខាត ៥០%+១ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ដើម្បីជួយដល់ការងារប្រធានគណបក្សរហូតដល់ចប់អាណត្តិ។ ប៉ុន្តែបើគិតតាមកាលប្បវត្តិនៃការអនុវត្តតាមលក្ខន្តិកៈគណបក្សសង្រ្គោះជាតិ ចាប់តាំងពីថ្ងៃលាលែងរបស់លោក សម រង្ស៊ី ពីតំណែងប្រធានគណបក្សបទប្បញ្ញត្តិត្រេទី១ នៃប្រការ៤៧ ថ្មីនេះ ក៏គួរពុំអាចអនុវត្តបានដែរ លើកលែងតែលោក កឹម សុខា ដែលជាប្រធានស្តីទីនៅមុនពេលសមាជវិសាមញ្ញ បានសម្រេចលាលែងពីតំណែងក្នុងឋានៈជាប្រធានស្តីទី ដើម្បីបើកផ្លូវឱ្យអនុវត្តប្រការ៤៧ថ្មី។
ដូចនេះបើទោះបីជាសមាជវិសាមញ្ញនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ គឺអាចប្រព្រឹត្តទៅដោយត្រឹមត្រូវដើម្បីកែលក្ខន្តិកៈរបស់គណបក្ស ប៉ុន្តែសមាជវិសាមញ្ញដើម្បីជ្រើសរើសប្រធាន និងអនុប្រធានថ្មី នៃគណបក្សសង្រ្គោះជាតិ គឺខុសទៅនឹងប្រការ៤៧ ទាំងប្រការ៤៧ចាស់ ទាំងប្រការ ៤៨ថ្មី នៃលក្ខន្តិកៈដែលជាច្បាប់កំពូលរបស់គណបក្សសង្គ្រោះជាតិ។ សមាជវិសាមញ្ញដើម្បីជ្រើសរើសប្រធាន និងអនុប្រធានថ្មីរបស់គណបក្ស សង្រ្គោះជាតិ ក្នុងករណីប្រធានគណបក្សបានលាលែងពីតំណែង នឹងអាចធ្វើទៅបានស្របតាមប្រការ៤៧ ត្រេទី២ ទាំងចាស់ ទាំងថ្មី លុះត្រាតែអាណត្តិរបស់ប្រធាននៅសល់លើសពី១៨ខែ។ បើដូចនេះមែន ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បែរជាមិនយល់អំពីលក្ខន្តិកៈ របស់គណបក្សដែលជាច្បាប់កំពូលរបស់ខ្លួនទៅវិញ! ដូចនេះទីបំផុត ដំរីគង់តែជើងបួន !
ដោយ៖ បក្សីចាំក្រុង