(ភ្នំពេញ)៖ យោងតាមសេចក្ដីរាយការណ៍បឋម ពីភ្នាក់ងារអង្គភាព Fresh News បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ មានករណីផ្ទុះអាវុធជិត១០គ្រាប់ ក្នុងបុរីសម្បត្តិមានហេង ស្ថិតនៅភូមិកោះនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ តែមិនទាន់ដឹងមូលហេតុ ព្រោះកម្លាំងសមត្ថកិច្ចកំពុងចុះអន្តរាគមន៍នៅឡើយ។
សេចក្ដីរាយការណ៍បានបន្តថា ជនបង្កដែលហ៊ានលើកកាំភ្លើងបាញ់បោះនោះ ត្រូវបានគេស្គាល់ថា ជាមន្រ្តីនគរបាលម្នាក់ តែនៅមិនទាន់ដឹងថា បម្រើការងារនៅអង្គភាពណានោះទេ ក្រោយធ្វើសកម្មភាពល្មើសច្បាប់នេះហើយ ជនសង្ស័យក៏បានបើករថយន្ត គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ខណៈពេលនេះកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ កំពុងចុះពិនិត្យមើលផ្ទាល់នៅកន្លែងកើតហេតុនៅឡើយ ប៉ុន្តែការផ្ទះអាវុធដ៏គ្រោះថ្នាក់ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស ឬស្លាប់នោះទេ៕