(ភ្នំពេញ)៖ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានចេញមកច្រានចោលការចោទប្រកាន់ថា នាយកសាលាកំបូល ទារលុយពីសិក្ខាកាមវគ្គមន្រ្តីនគបាលយុត្តិធម៌ ជំនាន់២២ ក្នុងម្នាក់១៤០ដុល្លារ ដើម្បីទិញគ្រែ តែការពិតជាវប្បធម៌ចែករំលែកប៉ុណ្ណោះ ដោយលោកនាយកសាលា មិនបានទៅបង្ខំសិក្ខាកាមនោះឡើយ ពោលបើនរណាចង់ចូលរួមបរិច្ចាគ ក៏ចូលទៅ តែបើចង់ទេក៏មិនថាដែរ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧នេះថា «ពាក់ព័ន្ធនឹងករណីនេះ មិនពិតទេ គឺទី១ ខ្ញុំបានសួរទៅសិក្ខាកាម ហើយសិក្ខាកាមបានបញ្ជាក់ថា គឺមិនមានការបង្ខិតបង្ខំដើម្បីឲ្យចូលរួម ជួយថវិកាគ្រែនោះទេ គាត់បានអំពាវនាវមែនដល់ សិក្ខាកាមមែន តែតាមការស្ម័គ្រចិត្ត អ្នកដែលស្ម័គ្រចិត្ត គឺនៅក្នុងចំណោមនោះមានជាង៨០នាក់ គឺមានតែចូលរួម៩នាក់ទេ។ ហើយខ្ញុំ បានសួរទៅ ឯកឧត្តមនាយកសាលាហើយ គឺគាត់បានអំពាវនាវមែន តែអំពាវនាវទាំងអស់ទាំងសប្បុរសជន ដែលគាត់ស្គាល់ ទាំងមន្រ្តីក្រោមឱវាទ និងសិក្ខាកាម ចឹងជាវប្បធម៌ចែករំលែក អ្នកដែលស្ម័គ្រចិត្តក៏ចូលទៅ អ្នកមិនស័គ្រចិត្តចូលក៏មិនអីដែរ»។
ការចេញមកបដិសេធរបស់អ្នកនាំពាក្យខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា សិក្ខាកាមវគ្គមន្ត្រីនគបាលយុត្តិធម៌ជំនាន់២២ បានរិះគន់ នឹងឆ្ងល់ថា តើការកំណត់ឲ្យសិក្ខាកាមមន្ត្រីនគរបាលយុត្តិធម៌ជំនាន់២២ បង់លុយសម្រាប់ទិញគ្រែនេះ ជាគោលការណ៍របស់ថ្នាក់លើ ឬក៏បទបញ្ជាត្រឹមនាយកសាលា អឿ សាវ៉ន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
មន្ត្រីនគបាលយុត្តិធម៌ជំនាន់២២ បានប្រាប់កាសែតក្នុងស្រុកថា ចំពោះអ្នកដែលមានលទ្ធភាពវាមិនអីទេ តែចំពោះពួកគាត់ដែលគ្មានលទ្ធភាព បានសុំពីរនាក់គ្រែមួយ នាយកសាលាមិនព្រមទៀត ដែលធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង។
ចុងក្រោយពួកគាត់បាននិយាយថា គាត់នឹងប្រាប់មិត្តភ័ក្តកុំឲ្យមករៀន ព្រោះត្រូវចំណាយលុយច្រើនណាស់ មិនមែនតែរឿងនេះមួយទេ គឺមានរឿងជាច្រើនដែលត្រូវចំណាយលុយពេលមករៀន ដូចជា៖ ត្រូវបង់លុយបើចង់ចេញក្រៅ ត្រូវបង់លុយបើចង់ឈប់ ត្រូវបង់លុយបើចង់ដេកក្រៅ ត្រូវបង់លុយបើចង់ស៊ីបាយក្រៅ ត្រូវបង់លុយបើចង់ឲ្យសាលាវាយតម្លៃថាល្អ(កូតតាមួ)។ល។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ទៀតថា «ខ្ញុំសូមបញ្ជាក់ទៅសាធារណជនថា ទាំងគ្រែប៉ុន្មានក៏ដោយ ទាំងហេដ្ឋារចនាសម្ព័ន្ធ គឺតាមពិតកងរាជអាវុធហត្ថអាចដោះស្រាយបាន គឺប្រើវប្បធម៌ចែករំលែកនេះ មិនបង្ខំគេទេគឺការស្ម័គ្រចិត្ត។ តាមពិតនាយកសាលា ក្នុងនាមជានាយកសាលា ពេលកសាងសាលាខ្លួនឯង មិនចង់ដាក់បន្ទុក ទៅនាយឧត្តមសេនីយ៍មេបញ្ជាការច្រើនពេក និងរាជរដ្ឋាភិបាលផងដែរចឹងបានធ្វើតាមវប្បធម៌ចែករំលែក»។
លោកបានបន្ថែមថា ករណីនេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានចេញឲ្យធ្វើការស្រាវជ្រាវ ដូចករណីមុនដែរ ប៉ុន្តែមិនមានកើតឡើងនោះឡើយ ហើយកងរាជអាវុធហត្ថពេលធ្វើប្រតិបត្តិការ ត្រូវតែមានការត្រួតពិនិត្យ ដែលក្រុមប្រឹក្សាវិន័យធ្វើការតាមដានដែរ ប៉ុន្តែយ៉ាងណានោះ ថ្នាក់លើនឹងស្រាវជ្រាវបន្តទៀត៕