(ភ្នំពេញ)៖ បន្ទាប់ពីការបូជាសពត្រូវបានបញ្ចប់, នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧នេះ ធាតុរបស់សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានក្រុមគ្រួសារ រៀបចំតាមពិធីសាសនាដាក់ចូលទៅក្នុងទឹកទន្លេ មុខព្រះបរមរាជវាំង។
ក្រុមគ្រួសារ បានដង្ហែធាតុចេញពីម្តុំភោជនីយដ្ឋានទីតានិក ឆ្ពោះមកមុខព្រះបរមរាជវាំង ដើម្បីដាក់ចូលទឹក សូមឲ្យវិញ្ញាណក្ខន្ធរបស់សម្តេចវិបុលបញ្ញា សុខ អាន បានទៅកាន់សុខគតិភព និងឲ្យត្រជាក់ត្រជុំដូចព្រះគង្គា។
សូមជំរាបថា នៅព្រឹកមិញ ក្នុងពិធីបូជាសពសម្តេចវិបុលបញ្ញា សុខ អាន, លោក Muhammad Jusuf Kalla អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក Tanasak Patimapragorn ឧបនាយករដ្ឋមន្រ្តីថៃ ក៏បានចូលរួមជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា រួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី, សម្តេច ហេង សំរិន ប្រធានសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត ព្រមទាំងមានវត្តមានមន្រ្តីបក្សប្រឆាំងផងដែរ។
នៅក្នុងពិធីបូជាសពនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាអ្នកអានវិយោគកថា និងជីវប្រវត្តិ ចំណែកសម្តេចពញាចក្រី ហេង សំរិន ជូនព្រះអគ្គីដល់សព។
គួរបញ្ជាក់ថា សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព កាលពីវេលាម៉ោង១៨៖៣២នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ៕