(ព្រះវិហារ)៖ លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ពន្ធ័គ្រូពេទ្យសហភាពសហពន្ធ័យុវជនកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋសរុបចំនួន២៧១៤នាក់ មកពី៨ភូមិក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពិធីនេះមានការចូលរួមពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក៏ដូចជាយុវជនសហភាពសហពន្ធ័ ខេត្តព្រះវិហារជាច្រើនផងដែរ។
លោក អ៊ុន ចាន់ដា បានលើកឡើងថា « ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋ នៅឃុំយាង ស្រុកជាំក្សាន្ត មានសំណាងបានក្រុមគ្រូពេទ្យ សហភាពសហពន្ធ័ចុះពិនិត្យព្យាបាលជំងឺ ជូនដោយឥតគិតថ្លៃ ដែលនេះបង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ របស់សហភាពសហពន្ធ័យុវជនកម្ពុជាដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី»។
លោក អ៊ុន ចាន់ដា បានបន្ថែមឲ្យដឹងថា ថ្ងៃនេះដែរលោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តយសសម្ពន្ធ័គ្រូពេទ្យ សហភាពសហពន្ធ័យុវជនកម្ពុជា បានឈ្លាតពេលដ៏មមាញឹក អញ្ជើញចុះមកផ្ទាល់ដើម្បីពិនិត្យមើលការព្យាបាល ជំងឺជូនប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរ លោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ចំពោះអជ្ញាធរខេត្តព្រះវិហារ ក៏ដូចជា សហភាពសហពន្ធ័យុវជនខេត្ត ដែលបានចូលរួម ក្នុងសកម្មភាពមនុស្សធម៌នេះ និងសូមអរគុណចំពោះសហភាពសហពន្ធ័យុវជនកម្ពុជា, ភ្នាក់ងារផ្សព្វផ្សាយKotraកូរ៉ែ ដែលបានចូលរួមសហការផងដែរ៕